ពោធិ៍សាត់ ៖ សត្វប្រើសញីមួយក្បាល មានទាំងកូនក្នុងផ្ទៃផង ទម្ងន់១១០គីឡូក្រាម រត់វង្វេងចូលភូមិអ្នកស្រុក ត្រូវបានជនមិនស្គាល់មុខ ដេញព័ទ្ធវាយ បង្អៅឆ្កៃឱ្យខាំរហូតដល់ស្លាប់ ក្នុងចម្ការដំឡូងមី កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅវត្តប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

តាមមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៦ អាជ្ញាធរមានសមត្ថកិច្ច និង មន្ត្រីជំនាញនៃមន្ទីរបរិស្ថានពោធិ៍សាត់ មានក្តីសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបានទទួលព័ត៌មានករណីសត្វប្រើសញីមានផ្ទៃពោះ មួយក្បាល ទម្ងន់១១០គីឡូក្រាម វង្វេងចូលក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ហើយត្រូវបានបុគ្គលអគតិមួយចំនួនព្រួតគ្នាវាយ និង បង្អៅឆ្កែដេញខាំ បណ្តាលឱ្យផ្អើលរត់បុករបងលួសមុតសាច់ និង ត្រូវបានឆ្កែខាំរហូតដល់ស្លាប់ក្នុងចម្ការដំឡូងមី ។

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឱ្យដឹងថា សកម្មភាពអមនុស្សធម៌នេះ មិនត្រឹមតែជាការបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិ និង សត្វព្រៃ សត្វប្រើស ស្ថិតប្រភេទងាយរងគ្រោះ ក្នុងបញ្ជី IUCN Red List ប៉ុណ្ណោះទេ ប៉ុន្តែវាជាអំពើខុសច្បាប់ក្នុងក្រមបរិស្ថានយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពេលកើតហេតុភ្លាមៗ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ អាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ រាយការណ៍ជូនលោកប្រធានមន្ទីរ និង ស្នើសុំគោលការណ៍ពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឱ្យនិមន្តព្រះសង្ឃ ដើម្បីធ្វើកិច្ចបង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធសត្វប្រើសញី និង កូនក្នុងផ្ទៃដ៏កម្សត់នោះ ស្ថិតនៅវត្តប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ៕

Share.