ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា កម្ពុជានឹងទទួលឥទ្ធិពលពីរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ និងសមុទ្រចិនខាងត្បូង។

តាមការព្យាករណ៍ តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាអន្លើៗ ខណៈតំបន់ខ្ពង់រាប អាចមានភ្លៀងពីមធ្យមទៅច្រើននៅតំបន់ខ្លះ។

ដោយឡែក សម្រាប់តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដីរហូតដល់៤០ភាគរយ។
ជាមួយគ្នាក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ ដែលអាចកើតមានជាយថាហេតុ៕

