បាងកក៖ ស្ថានទូតចិនប្រចាំប្រទេសថៃ បានចេញមុខជម្រុញ និងដាក់សម្ពាធយ៉ាងខ្លាំងៗទៅលើអាជ្ញាធរថៃ ឱ្យធ្វើការស៊ើបអង្កេតប្រកបដោយច្បាប់ ភាពយុត្តិធម៌ និងតម្លាភាព ជុំវិញករណីជនជាតិចិនម្នាក់ត្រូវបានគេចាប់ជំរិតទារប្រាក់យ៉ាងសាហាវនៅក្នុងខេត្តស្រះកែវ (Sa Kaeo) ដែលជាករណីឆ្លុះបញ្ចាំងពីចំណុចខ្សោយនៃប្រព័ន្ធសន្តិសុខរបស់ថៃ។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយដែលបានចេញផ្សាយនៅថ្ងៃទី ១៩ ខែឧសភា នេះ អ្នកនាំពាក្យស្ថានទូតចិនបានគូសបញ្ជាក់ថា ភាគីចិនផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្លាំងបំផុតចំពោះករណីនេះ ហើយបានទាក់ទងទៅស្ថាប័នពាក់ព័ន្ធរបស់ថៃភ្លាមៗ ដើម្បីដេញដោលសួររកព័ត៌មានលម្អិត។

សេចក្តីថ្លែងការណ៍ដដែលបានសង្កត់ធ្ងន់ថា ការរក្សាសុវត្ថិភាព និងស្ថិរភាព គឺជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងថៃ និងចិន។ ជាមួយគ្នាស្ថានទូតចិន បានបន្ដអំពាវនាវ និងបង្ខំឱ្យអាជ្ញាធរថៃ ស្វែងរកការពិតឱ្យបានឆាប់រហ័ស និងមិនត្រូវលាក់លៀម ដើម្បីវែកមុខ និងនាំខ្លួនអ្នកពាក់ព័ន្ធទាំងអស់មកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែង។

ការណ៍នេះមានន័យថា ប្រសិនបើថៃនៅតែបណ្តោយឱ្យមានអសន្តិសុខបែបនេះកើតឡើង វាអាចនឹងជះឥទ្ធិពលអាក្រក់ដល់ទំនុកចិត្តរបស់ជនជាតិចិន។
ជាមួយគ្នានេះដែរ ស្ថានទូតចិនក៏បានចេញលិខិតព្រមាន និងណែនាំសារជាថ្មីទៅកាន់ពលរដ្ឋចិនដែលរស់នៅ ឬមានគម្រោងមកកម្សាន្តនៅប្រទេសថៃ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ដោយសារតែស្ថានភាពសន្តិសុខបច្ចុប្បន្ន និងបានរំលឹកឱ្យរាយការណ៍ជាបន្ទាន់ទៅកាន់ប៉ូលិស ឬស្ថានទូតចិន ប្រសិនបើជួបប្រទះករណីអាសន្នណាមួយ៕

ប្រភព៖ Khaosod English

Share.