តាមរដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា  ដើម្បីលើកកម្ពស់សោភណភាពទីក្រុង និងបង្កើនភាពទាក់ទាញសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាជ្ញាធរក្រុងសិរីសោភ័ណ គ្រោងនឹងរៀបចំផ្លូវថ្មើរជើងដែលមានការក្រាលការ៉ូឡាចំនួន ៦ ខ្សែ ដោគ្រោងចាប់ផ្ដើមអនុវត្តនៅឆ្នាំ ២០២៧ ខាងមុខនេះ។

ដើម្បីធានាបានជោគជ័យនៃគម្រោងនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានចេញការណែនាំដល់អាជ្ញាធរក្រុងសិរីសោភ័ណ និងសង្កាត់ពាក់ព័ន្ធទាំង ៤ ក្នុងក្រុង ត្រូវរៀបចំក្រុមការងារមួយ ដើម្បីធ្វើការសិក្សាវាយតម្លៃលើគម្រោងឱ្យបានល្អិតល្អន់។ ការសិក្សានេះត្រូវយកចិត្តទុកដាក់ជាពិសេសទៅលើផលប៉ះពាល់ដែលអាចកើតមានពីការអភិវឌ្ឍ ព្រមទាំងស្វែងរកវិធីសាស្ត្រសម្របសម្រួល និងដោះស្រាយប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគាំទ្រយ៉ាងសកម្មក្នុងកិច្ចការនេះ ដើម្បីរួមគ្នាកែលម្អសោភណភាពក្រុងសិរីសោភ័ណឱ្យកាន់តែស្រស់ស្អាត មានភាពបៃតង និងរស់នៅប្រកបដោយផាសុកភាព។

គម្រោងផ្លូវថ្មើរជើងទាំង ៦ ខ្សែ រួមមាន៖

១. ផ្លូវពីភ្លើងស្តុបសួនម្ទេសក្រហម ដល់ផ្លូវកែងជាប់សាលាក្រុង (ប្រវែង ២,៣៥៣ ម៉ែត្រ)
២. ផ្លូវកែងជាប់សាលាក្រុង ដល់ផ្លូវបេតុងជាប់របងសាលារៀនពង្រ (ប្រវែង ១,៣៥៦ ម៉ែត្រ)
៣. ផ្លូវពីស្ពានទី២ (ផ្លូវជាតិលេខ៦) ដល់ស្ពានទឹកថ្លា (ប្រវែង ៨,២៥០ ម៉ែត្រ)
៤. ផ្លូវពីរង្វង់មូលដៃ៣២ (ផ្លូវជាតិលេខ៥) ដល់រង្វង់មូលស្រីគ្រប់ល័ក្ខ (ប្រវែង ៧៨៨ ម៉ែត្រ)
៥. ផ្លូវពីរង្វង់មូលស្រីគ្រប់ល័ក្ខ (ផ្លូវជាតិលេខ៥) ដល់ផ្លូវរទេះភ្លើង (ប្រវែង ៦២៤ ម៉ែត្រ)
៦. ផ្លូវពីរង្វង់មូលស្រីគ្រប់ល័ក្ខ (ផ្លូវជាតិលេខ៦) ដល់ផ្លូវខាងមុខសណ្ឋាគារណាសារ (ប្រវែង ៩៤១ ម៉ែត្រ)

បើតាមគម្រោង ការក្រាលការ៉ូឡាធ្វើផ្លូវដើរទាំងនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យទេសភាពក្រុងសិរីសោភ័ណក្លាយជាទីក្រុងដ៏ទាក់ទាញ ស្របតាមផែនការអភិវឌ្ឍន៍ឱ្យក្លាយជាទីក្រុងស្អាត បៃតង និងរីកចម្រើនប្រកបដោយចីរភាពនាពេលអនាគត៕

Share.