ឈុនបុរី៖ ករណីបង្ក្រាបទីតាំងផលិតថ្នាំញៀនក្នុងវីឡាដ៏ប្រណីតមួយកន្លែងបានបន្តឆ្លុះបញ្ចាំងឱ្យឃើញពីភាពធូររលុងនៃប្រព័ន្ធសន្តិសុខ និងការគ្រប់គ្រងជនបរទេសនៅក្នុងប្រទេសថៃ ដែលបណ្តោយឱ្យក្រុមម៉ាហ្វៀចិន អាចប្រែក្លាយតំបន់ទេសចរណ៍ឱ្យទៅជាមន្ទីរពិសោធន៍គ្រឿងញៀនយ៉ាងគគ្លីនមិនខ្លាចច្បាប់របស់ខ្លួន។

កាលពីថ្ងៃទី ១៩ ឧសភា សារព័ត៌មានក្នុងស្រុកថៃ បានផ្សាយថា កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយអភិបាលខេត្តឈនបុរី លោក Naris Niramaivong និងមេបញ្ជាការនគរបាលខេត្ត បានឆ្មក់ចូលបង្ក្រាបវីឡាលំហែដ៏ប្រណីតមួយកន្លែង ក្នុងតំបន់ Huai Yai នៅជិតប៉ាតាយ៉ា ដែលត្រូវបានកែច្នៃធ្វើជាមន្ទីរពិសោធន៍ផលិតសារធាតុគីមីសម្រាប់ផ្សំក្នុងបារីអេឡិចត្រូនិក ឬដែលគេស្គាល់ជាទូទៅថា «Pod K»។
វីឡាដែលរងការឆ្មក់បង្ក្រាបនេះ មានផ្ទៃដីរហូតដល់ទៅ ១,៦០០ម៉ែត្រការ៉េ ដោយជាន់ខាងលើនៃអគារខាងក្រោយត្រូវបានបំប្លែងជាបន្ទប់ពិសោធន៍គីមី។ នៅពេលសមត្ថកិច្ចចូលទៅដល់ ម៉ាស៊ីនកែច្នៃគីមីខ្នាតធំចំនួន ៣គ្រឿងកំពុងតែដំណើរការយ៉ាងរលូន។ សារធាតុដែលកំពុងផលិតត្រូវបានគេស្គាល់ថា Etomidate ឬ «ថ្នាំញៀនហ្សំប៊ី» ដែលជាសមាសធាតុផ្សំដ៏គ្រោះថ្នាក់ ពេញនិយមខ្លាំងក្នុងចំណោមភ្ញៀវទេសចរពេលរាត្រី។


ក្រៅពីវីឡានេះ សមត្ថកិច្ចក៏បានបន្តទៅឆែកឆេរឃ្លាំងស្តុកទំនិញមួយកន្លែងទៀត ដែលស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រ ដោយរកឃើញធុងគីមីចំណុះ ២០លីត្រ និង ២០០លីត្រ រួមទាំងឧបករណ៍ពិសោធន៍ជាច្រើនសន្ធឹកសន្ធាប់ផ្សេងទៀត ដែលត្រៀមសម្រាប់ដំណើរការផលិត។
ទោះបីជាការបង្ក្រាបនេះទទួលបានជោគជ័យ ប៉ុន្តែវាបានបង្កើតជាសំណួរ និងការរិះគន់យ៉ាងខ្លាំងពីមហាជនទៅលើអាជ្ញាធរថៃពីភាពយឺតយ៉ាវក្នុងការបណ្ដែតបណ្ដោយឱ្យទីតាំងផលិតគ្រឿងញៀនខ្នាតធំ និងទំនើបបែបនេះ អាចដំណើរការបានយ៉ាងរលូនកណ្តាលតំបន់សហគមន៍ រហូតទាល់តែមានពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងតំបន់ ទើបសមត្ថកិច្ចចាប់ផ្តើមបើកការស៊ើបអង្កេត និងសុំដីកាចាប់ខ្លួន។ នេះបង្ហាញពីចន្លោះប្រហោងដ៏ធំនៃការឃ្លាំមើល និងការក្ដាប់ព័ត៌មានរបស់នគរបាលមូលដ្ឋាន។

ការណ៍ដែលថៃតែងតែជាមជ្ឈមណ្ឌលផលិត ជួញដូរ ប្រើប្រាស់សម្រាប់ជនបរទេសខុសច្បាប់ ព្រោះតែថៃចោទប្រកាន់ ឬដាក់ទោសស្រាលពេក ជាពិសេសងាយជួញដូរឆ្លងដែន ដែលកត្តានេះអាចជំរុញឱ្យជនបរទេសខិលខូចមួយចំនួនសម្រេចជ្រើសរើសថៃទីតាំងសមស្របក្នុងការប្រព្រឹត្តទង្វើខុសច្បាប់។
ទាក់ទិននឹងបញ្ហានេះ ជនជាតិចិន ២នាក់ ដែលត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុ ទី១ ឈ្មោះ Jia Jing Zhuang អាយុ ៤៧ឆ្នាំ និងទី២ ឈ្មោះ Teng Ji អាយុ ២៤ឆ្នាំ បានដោះសារថា ពួកគេគ្រាន់តែជាអ្នកមើលការខុសត្រូវ និងកូរល្បាយគីមីតាមម៉ាស៊ីនប៉ុណ្ណោះ។ ជាដំបូង សមត្ថកិច្ចបែរជាចោទប្រកាន់ពួកគេត្រឹមតែបទល្មើស «ធ្វើការងារក្នុងប្រទេសថៃដោយគ្មានច្បាប់អនុញ្ញាត» ទៅវិញ ដែលនេះជាបទល្មើសស្រាលបំផុត បើធៀបនឹងទំហំនៃការបំផ្លិចបំផ្លាញដែលគ្រឿងញៀនទាំងនេះអាចបង្កឡើងចំពោះសង្គម។

កាលពីចុងឆ្នាំ២០២៥ និងកាលពី ២ខែមុន ក៏ធ្លាប់មានការបង្ក្រាបករណីផលិត «Pod K» ដោយជនជាតិចិននៅក្នុងតំបន់ប៉ាតាយ៉ានេះរួចមកហើយ។ ការដែលបណ្តាញឧក្រិដ្ឋជនចិននៅតែអាចបន្តជួលផ្ទះ ជួលវីឡាប្រណីត និងបង្កើតរោងចក្រចម្រាញ់ថ្នាំញៀនជាបន្តបន្ទាប់ បញ្ជាក់ថា វិធានការទប់ស្កាត់ និងការគ្រប់គ្រងលំហូរចូលរបស់ជនបរទេស ជាពិសេសក្រុម «ចិនប្រផេះ» (Grey Chinese Business) របស់រដ្ឋាភិបាលថៃ នៅមិនទាន់មានប្រសិទ្ធភាព ឬអាចមានការបើកដៃពីមន្ត្រីខូចពុករលួយមួយចំនួន។
បច្ចុប្បន្ន អាជ្ញាធរថៃកំពុងបន្តស្រាវជ្រាវជាមួយផ្នែកអន្តោប្រវេសន៍ និងផ្នែកបង្ក្រាបគ្រឿងញៀន ដើម្បីស្វែងរកមេខ្លោងពិតប្រាកដ និងប្រភពនៃការនាំចូលសារធាតុគីមីទាំងនេះ។ ទោះជាយ៉ាងណា ប្រសិនបើតុលាការ និងសមត្ថកិច្ចថៃនៅតែមិនមានវិធានការច្បាប់ដាច់ណាត់ និងប្រព័ន្ធត្រួតពិនិត្យជនបរទេសឱ្យបានតឹងរ៉ឹងជាងនេះទេ តំបន់ទេសចរណ៍ល្បីៗដូចជា ប៉ាតាយ៉ា ឬឈនបុរី នឹងត្រូវធ្លាក់ទៅជា «ឋានសួគ៌របស់ក្រុមម៉ាហ្វៀឆ្លងដែន» ក្នុងពេលឆាប់ៗជាមិនខាន៕

