ភ្នំពេញ៖ ដើម្បីរួមចំណែកការពារយុវជនពីបញ្ហាសង្គម និងអំពើអបាយមុខ ក្រុមការងារកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចុះផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្ស អំពីផលប៉ះពាល់នៃគ្រឿងញៀន ក្មេងទំនើង និងការប្រើប្រាស់បារីអេឡិចត្រូនិក (Vape) នៅតាមសាលារៀន។
សកម្មភាពនេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យទួលអំពិល ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការសហការរវាងអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន និងគណៈគ្រប់គ្រងសាលា។
ក្នុងកម្មវិធីផ្សព្វផ្សាយ ក្រុមការងារបានពន្យល់ដល់សិស្សានុសិស្ស អំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការប្រព្រឹត្តអំពើហិង្សាជាក្រុមរបស់ក្មេងទំនើង និងផលប៉ះពាល់សុខភាពពីការប្រើប្រាស់បារីអេឡិចត្រូនិក និងស៊ីស្សា ដែលកំពុងរីករាលដាលក្នុងចំណោមយុវជន។





អាវុធហត្ថរាជធានីភ្នំពេញ ក៏បានរំលឹកពីការបន្តបង្ក្រាបទីតាំងលួចលក់ Vape និងឧបករណ៍ជក់សារធាតុគីមីខុសច្បាប់ ដោយដកហូតវត្ថុតាងជាច្រើន ស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងគោលដៅការពារសុខភាពសាធារណៈ និងរក្សាសណ្តាប់ធ្នាប់សង្គម។
បន្ថែមពីនេះ ក្រុមការងារក៏បានផ្សព្វផ្សាយលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីឲ្យប្រជាពលរដ្ឋ និងសិស្សានុសិស្ស អាចផ្តល់ព័ត៌មានពាក់ព័ន្ធបទល្មើស ឬបញ្ហាក្មេងទំនើង ដល់សមត្ថកិច្ច ដើម្បីចាត់វិធានការបានទាន់ពេលវេលា ដោយធានារក្សាការសម្ងាត់ជូន៕

