កណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង ២១ និង ២០នាទី យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ១៩-២០ លើមហាវិថីស៊ីជីនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣) ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ហេតុការណ៍នេះជាការប៉ះទង្គិចរវាងរថយន្ត២គ្រឿង ក្នុងទិសដៅស្របគ្នាពីកើតទៅលិច។ រថយន្តបង្កម៉ាក HYUNDAI ប្រភេទក្បាលសណ្ដោង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3G-9758 ភ្ជាប់សណ្ដោងសឺមីរ៉ឺម៉ក ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ4B-0994 បានបើកបុកពីក្រោយរថយន្តមួយគ្រឿងទៀត ម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BR-6591 ដែលកំពុងបន្ថយល្បឿនបម្រុងឈប់អែបខាងស្ដាំផ្លូវ។

រថយន្ត TOYOTA PRIUS បើកបរដោយឈ្មោះ ហេង រាជរិទ្ធ អាយុ ៤៧ឆ្នាំ មានទីលំនៅនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរងរបួសស្រាល ហើយត្រូវបានបងប្អូនដឹកយកទៅព្យាបាលដោយខ្លួនឯង។ ចំណែកអ្នកបើកបររថយន្តបង្កបានគេចខ្លួនពីកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ រថយន្តទាំងពីរគ្រឿងរងការខូចខាត ក្នុងនោះមាន ១គ្រឿងខូចខាតធ្ងន់។ សមត្ថកិច្ចបានយកមធ្យោបាយទាំងនេះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

តាមការបញ្ជាក់ពីសមត្ថកិច្ច មូលហេតុបឋមបណ្តាលមកពីអ្នកបើកបររថយន្ត HYUNDAI ខ្វះការប្រុងប្រយ័ត្ន មិនបានពិនិត្យស្ថានភាពផ្លូវឲ្យបានច្បាស់លាស់ពេលបើកបរ។

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.