ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការពង្រឹងខឿនការពារជាតិ គឺជាកិច្ចការយុទ្ធសាស្ត្រដែលត្រូវអនុវត្តជាប្រចាំ និងយូរអង្វែង មិនមែនធ្វើឡើងត្រឹមតែមួយឆាវដូចភ្លើងចំបើងនោះឡើយ។

ប្រសាសន៍របស់សម្ដេចធិបតី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ កន្លងទៅថ្មីៗនេះ។ សម្ដេចធិបតីបានថ្លែងថា គោលបំណងនៃការពង្រឹងខឿនការពារជាតិ គឺដើម្បីបង្កើនសមត្ថភាពរយៈពេលវែង ដោយរៀបចំទុកជាមុនរហូតដល់រយៈពេល២០ឆ្នាំខាងមុខ ដោយត្រូវចាប់ផ្ដើមធ្វើការងារនេះតាំងតែពីពេលនេះ។
សម្ដេចធិបតីបានរំឭកថា កម្ពុជាបានបន្តកែទម្រង់ និងពង្រឹងវិស័យការពារជាតិជាប្រចាំ ចាប់តាំងពីឆ្នាំ១៩៧៩ មកម៉្លេះ។ ទោះបីជាយ៉ាងណា ស្ថានភាពពិភពលោក កម្រិតហានិភ័យ និងសមត្ថភាពចាំបាច់កំពុងប្រែប្រួល ដែលទាមទារឱ្យមានការកសាងកម្លាំងបន្ថែមទៀត។
ក្នុងទសវត្សរ៍ទី៨០ និងទី៩០ កម្ពុជាបានចំណាយថវិកាយ៉ាងច្រើនលើវិស័យការពារជាតិ ដោយសារស្ថានភាពសង្គ្រាម។ ក្រោយពីបញ្ចប់នយោបាយឈ្នះ-ឈ្នះ និងការរំសាយទ័ពក្រោមការឧបត្ថម្ភរបស់អ៊ុនតាក់ នៅឆ្នាំ១៩៩៣ កម្ពុជាបានចាប់ផ្ដើមបង្វែរធនធានពីវិស័យការពារជាតិទៅកាន់វិស័យសេដ្ឋកិច្ចសង្គម រួមមានការថែទាំអតីតយុទ្ធជន គ្រួសារពលី ការអប់រំ និងសុខាភិបាល។

សម្ដេចធិបតីបានគូសបញ្ជាក់ថា ការកែទម្រង់វិស័យការពារជាតិនាពេលនេះ ផ្អែកលើកិច្ចការសំខាន់ៗដូចជា ការពង្រឹងរចនាសម្ព័ន្ធ និងការវាយតម្លៃគ្រឿងបំពាក់។ គោលដៅធំគឺ «បង្រួមក្បាល ពង្រីកខ្លួន» ពោលគឺបង្រួមស្ថាប័នដឹកនាំបញ្ជា និងគាំទ្រឱ្យតូចចង្អៀត ប៉ុន្តែពង្រឹងផ្នែកកម្លាំងប្រតិបត្តិការ ដែលជាអ្នកការពារទឹកដីពិតប្រាកដ។
ជាក់ស្តែង សម្ដេចធិបតីបានណែនាំឱ្យកាត់បន្ថយបុគ្គលិកនៅតាមការិយាល័យមួយចំនួន ដោយឱ្យហេតុផលថា ការិយាល័យខ្លះមានបុគ្គលិករហូតដល់៥០នាក់ ខណៈដែលតាមការពិតត្រូវការតែ១០នាក់ប៉ុណ្ណោះ។ ចំណែកឯកម្លាំងនៅតាមជួរមុខវិញ ត្រូវពង្រឹងបន្ថែមទាំងការបំពាក់ ការហ្វឹកហ្វឺន និងការបង្កើនជីវភាព។
សម្ដេចធិបតីក៏បានសង្កត់ធ្ងន់ថា កន្លងមកការបង្កើតការិយាល័យ ឬនាយកដ្ឋានថ្មីៗ ជួនកាលគ្រាន់តែដើម្បីតម្រូវចិត្ត ឬផ្តល់តំណែងដល់មនុស្ស ដែលនាំឱ្យមានភាពរយីករយាក និងគ្មានប្រសិទ្ធភាព។ ដូចនេះហើយ ការិយាល័យដែលមិនចាំបាច់ត្រូវតែរំលាយចោល ឬបញ្ចូលគ្នា ដើម្បីជៀសវាងការងារដដែលៗ ដោយមនុស្សច្រើនក្រុម។

សម្ដេចធិបតី ៖ «ការកែទម្រង់នេះ មិនមែនធ្វើឡើងដើម្បីធ្វើបាបនរណាម្នាក់ទេ គឺដើម្បីពង្រឹងកងទ័ពរបស់យើង ឱ្យក្លាយជាកងទ័ពមួយដែលមានវិជ្ជាជីវៈច្បាស់លាស់ មានវិន័យថ្លៃថ្នូរ និងមានសមត្ថភាពការពារជាតិបានយូរអង្វែង»។
សម្ដេចធិបតីបានប្រគល់ភារកិច្ចជូនឯកឧត្តម ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បន្តអនុវត្តការកែទម្រង់នេះឱ្យបានម៉ឺងម៉ាត់ ទោះបីជាវាប៉ះពាល់ដល់មនុស្ស និងចិត្តសាស្ត្រក្តី តែត្រូវតែធ្វើ ព្រោះវាជាឧត្តមប្រយោជន៍ជាតិ។ សម្ដេចបានបញ្ជាក់ថា ប្រសិនបើក្បាលតូច ខ្លួនមាំ ជើងរឹង នោះកងទ័ពកម្ពុជានឹងទៅជាកងទ័ពដែលមានធ្លុងមួយដ៏រឹងមាំ៕

