ភ្នំពេញ៖ អាជ្ញាធរកម្ពុជា បានបន្តអនុវត្តវិធានការយ៉ាងតឹងរ៉ឹងក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានបណ្ដេញជនជាតិចិនសរុបចំនួន ៦៤៨នាក់ (ស្រី ១៥នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះ ត្រូវបានអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូតចិន ដើម្បីបណ្ដេញជនបរទេសដែលពាក់ព័ន្ធករណីឆបោកអនឡាញ និងការស្នាក់នៅ ធ្វើការខុសច្បាប់។



ក្នុងចំណោមអ្នកត្រូវបណ្ដេញចេញ មាន ៣៣០នាក់ (ស្រី ០៧នាក់) ត្រូវបានបញ្ជូនតាមអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈ ៣១៨នាក់ (ស្រី ០៨នាក់) ត្រូវបានបញ្ជូនតាមអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយប្រើយន្តហោះពិសេស។
អាជ្ញាធរបានបញ្ជាក់ថា ការបណ្ដេញចេញនេះ គឺជាការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ស្របតាមគោលនយោបាយរដ្ឋាភិបាល ក្នុងការបង្ក្រាប និងលុបបំបាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យា ដើម្បីធានាសុវត្ថិភាពសាធារណៈ។
ជាមួយគ្នានេះ ក៏មានការបន្តស្វែងរក និងចាប់ខ្លួនមេខ្លោងដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ ព្រមទាំងជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវបានបោកបញ្ឆោតឲ្យចូលរួមក្នុងសកម្មភាពខុសច្បាប់ ដើម្បីអាចវិលត្រឡប់ទៅប្រទេសដើមវិញ។
អាជ្ញាធរបានបញ្ជាក់ថា នឹងបន្តពង្រឹងវិធានការបង្ក្រាបបែបនេះ ដោយគ្មានការលើកលែង ដើម្បីធានាថាប្រទេសកម្ពុជាមានសុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរឡើង៕
អត្ថបទ៖ ចតុម្មុខ

