សញ្ញាអាសន្នផ្នែកសុខាភិបាលកម្រិតអន្តរជាតិ ត្រូវបានប្រកាសឡើងវិញហើយ បន្ទាប់ពីមេរោគអេបូឡា (Ebola) បានផ្ទុះរាលដាលយ៉ាងគំហុកនៅក្នុងអាហ្វ្រិក ដោយផ្តាច់ជីវិតមនុស្សអស់ ១៣១នាក់ និងមានករណីសង្ស័យឆ្លងរហូតដល់ទៅជាង ៥០០ករណី ទាំងនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសជិតខាងអ៊ូហ្គង់ដា។

អ្វីដែលកំពុងធ្វើឱ្យអង្គការសុខភាពពិភពលោក (WHO) និងក្រុមគ្រូពេទ្យទូទាំងសកលលោកព្រួយបារម្ភបំផុតនោះគឺ ការផ្ទុះឡើងក្នុងរលកថ្មីនេះ មិនមែនជាវីរុសអេបូឡាធម្មតាឡើយ ប៉ុន្តែវាជាវីរុសពូជ «Bundibugyo»។ នេះជាប្រភេទវីរុសកម្រ និងកាចសាហាវ ដែលបច្ចុប្បន្នមិនទាន់មានវ៉ាក់សាំង ឬឱសថព្យាបាលជាក់លាក់ណាមួយឡើយ មិនដូចពូជមុនៗដែលធ្លាប់មានវ៉ាក់សាំងបង្ការនោះទេ។

ទោះជាយ៉ាងណា លោក Samuel Roger Kamba រដ្ឋមន្ត្រីសុខាភិបាលកុងហ្គោ បានបញ្ជាក់ដោយភាពប្រុងប្រយ័ត្នថា ក្រសួងកំពុងស្ថិតក្នុងដំណាក់កាលតាមដានយ៉ាងដិតដល់បំផុត ដោយមិនទាន់អាចសន្និដ្ឋានបាន ១០០% ថា ករណីសង្ស័យទាំងជាង ៥០០ករណីនេះ សុទ្ធតែបង្កឡើងដោយវីរុសអេបូឡាទាំងអស់នោះទេ។

ឆ្លើយតបនឹងវិបត្តិសុខាភិបាលដ៏ក្តៅគគុកនេះ អង្គការ WHO បានសម្រេចចិត្តរួចរាល់ក្នុងការដាក់ស្ថានភាពនេះជា «ភាពអាសន្នផ្នែកសុខាភិបាលសាធារណៈដែលគួរឱ្យបារម្ភជាអន្តរជាតិ» ឬ PHEIC កាលពីសប្តាហ៍មុន។ ទោះជាវិវត្តទៅរកភាពគ្រោះថ្នាក់ក៏ដោយ ក៏ទីភ្នាក់ងារសុខាភិបាលសកលមួយនេះអះអាងថា វានៅមិនទាន់ឈានដល់កម្រិតដែលត្រូវប្រកាសអាសន្នជា «ជំងឺរាតត្បាតសកល» ដូចកាលពីសម័យកូវីដ-១៩ នោះឡើយ។

មេរោគអេបូឡា គឺជាជំងឺឆ្លងសាហាវដែលដំបូងឡើយ ចម្លងពីសត្វព្រៃមកមនុស្ស (ដូចជា ប្រចៀវ ស្វា ឬសត្វឈ្លូស) តាមរយៈការប៉ះពាល់ឈាម ឬសរីរាង្គដែលមានមេរោគ។ បន្ទាប់មក វានឹងកកើតជា ការឆ្លងពីមនុស្សទៅមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយរាវរាងកាយដូចជា ទឹកមាត់ ឈាម ញើស របស់អ្នកជំងឺ ឬសាកសពអ្នកស្លាប់។ រោគសញ្ញារបស់វា មានដូចជា គ្រុនក្តៅខ្លាំង អស់កម្លាំងខ្លាំង ឈឺសាច់ដុំ ឈឺក្បាល និងឈឺបំពង់ក។ ដំណាក់កាលធ្ងន់ធ្ងរ វាបណ្តាលឱ្យក្អួត រាគរូស មានកន្ទួលលើស្បែក ខូចតម្រងនោម និងថ្លើមចុះខ្សោយ។ ក្នុងករណីខ្លះ មានទាំងហូរឈាម តាមអញ្ចាញធ្មេញ លាមក ឬស្បែកទៀតផង។

បច្ចុប្បន្ន ស្ថានភាពនៅក្នុងតំបន់អាហ្វ្រិកខាងលិចកំពុងត្រូវបានឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុត ខណៈដែលក្រុមអ្នកវិទ្យាសាស្ត្រកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីស្វែងរកវិធីសាស្ត្រទប់ស្កាត់វីរុសពូជថ្មីនេះ កុំឱ្យរីករាលដាលឆ្លងដែនទៅកាន់តំបន់ដទៃទៀត៕

ប្រភព៖ CNN

Share.