ភ្នំពេញ៖ ប្រជាពលរដ្ឋសម្តែងការត្រេកអរ និងទះដៃសាទរយ៉ាងខ្លាំង ក្រោយពីបានឃើញសកម្មភាពនិងឮដំណឹងថា អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ បានចាប់ដៃគ្នាចុះយុទ្ធនាការសម្អាត និងស្តារប្រឡាយទឹកក្នុងមូលដ្ឋាន ដើម្បីប្រែក្លាយទៅជាតំបន់ទេសចរណ៍នាពេលខាងមុខ។

យោងតាមប្រសាសន៍របស់លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ តាមរយៈវីដេអូដែលបង្ហោះដោយផេករបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រៅពីការស្តារ និងសម្អាតប្រឡាយទឹក អាជ្ញាធរខណ្ឌទាំងពីរនឹងរួមគ្នារៀបចំសណ្តាប់ធ្នាប់ផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋឱ្យមានរបៀបរៀបរយឡើងវិញ។



លោកអភិបាលរងខណ្ឌ ក៏បានសង្កត់ធ្ងន់និងដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ដោយត្រូវរួមគ្នារៀបចំផ្ទះសំបែងខ្លួនឯងឱ្យមានរបៀបរៀបរយ និងរៀនរស់នៅឱ្យស្អាត តាមរយៈការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានរស់នៅក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើង៕

