ឆ្លងកាត់ការវិវត្តពី «ទិវានៃការចងកំហឹង» ក្នុងឆ្នាំ ១៩៨៣ រហូតមកជា «ទិវាជាតិនៃការចងចាំ» នាពេលបច្ចុប្បន្ន ថ្ងៃទី ២០ ឧសភា បានក្លាយជាទិវាតំណាងឱ្យការផ្សះផ្សាផ្លូវចិត្ត និងការរួមរស់ឡើងវិញប្រកបដោយសេចក្តីថ្លៃថ្នូរ ក្រោមម្លប់សន្តិភាពរបស់ជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ។

ទិវាជាតិនៃការចងចាំ” ជាលទ្ធផលនៃការបញ្ចប់ដំណើរការតុលាការនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលនាំមកនូវយុត្តិធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូរ សម្រាប់ជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ ព្រមទាំងការប៉ះប៉ូវចំពោះការឈឺចាប់ខាងផ្លូវចិត្ត និងផ្នែកសង្គម។

ទិវាជាតិនៃការចងចាំ” ជាគម្រោងសំណង១ ក្នុងចំណោម ២៦ គម្រោង ដែលទទួលស្គា់ដោយ អ.វ.ត.ក. សាលក្រមសំណុំរឿង ០០២/០១ ឯកសារ E313 ផ្នែក ១៩.៣.១, ១៩.៥.១ ហើយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ១៩ អនក្រ.បក កំណត់យកថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវានេះជាបុណ្យជាតិផ្លូវការ។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ពន្យល់ថា ប្រសិនបើជនចាប់ចោទ ត្រូវបានរកឃើញថាមានទោសចំពោះឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តឡើង ដើមបណ្តឹងរដ្ឋប្បវេណីអាចស្នើសុំ អ.វ.ត.ក. ចេញដីកាបង្គាប់ឱ្យផ្តល់សំណង។ សំណងនៅ អ.វ.ត.ក. ជាសំណងមិនមែនជាប្រាក់ទេ ប៉ុន្តែជាសំណងសមូហភាព និងសំណងផ្លូវចិត្ត មានន័យថា “ជាការទទួលស្គាល់ការរងទុក្ខ ការឈឺចាប់ ឬការខូចខាត ដែលដើមបណ្តឹងរដ្ឋប្បវេណីបានជួបប្រទះ ដោយសារឧក្រិដ្ឋកម្មដែលជនជាប់ចោទនោះមានទោស ដើម្បីជាការផ្តល់អត្ថប្រយោជន៍ជូនដើមបណ្តឹងរដ្ឋប្បវេណី ក្នុងការជួយសម្រាលការឈឺចាប់នេះ”

យោងតាមការពន្យលរបស់ អ.វ.ត.ក. សំណងមានពីបែប ទី១៖ សំណង សមូហភាព មានន័យថា ជាសំណងដែលផ្តល់អត្ថប្រយោជន៍ដល់ដើមបណ្តឹងរដ្ឋប្បវេណី ជាក្រុមជនរងគ្រោះរួមគ្នា ឬដើម្បីជាប្រយោជន៍ដល់សង្គមកម្ពុជាទាំងមូល ។ ទី២៖ សំណង ផ្លូវចិត្ត មានន័យថា ជាសំណង ជានិមិត្តរូប ដែលមិនមែនជាសម្ភារៈ ឬថវិកានោះទេ។

ក្របខណ្ឌសំណងទាំងនេះ ទទួលស្គាល់ថា គម្រោងសំណងមួយចំនួន អាចចូលរួមចំណែកដល់ការស្តារនីតិសម្បទា ការចូលរួមសង្គមឡើងវិញ និងការស្តារឡើងវិញនូវសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ។ តាមរយៈគម្រោងទាំងនេះ អាជ្ញាធរជាតិ ឬអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ឬម្ចាស់ជំនួយផ្សេងទៀត អាចផ្តល់ជំនួយជាថវិកា និងជំនួយក្នុងរូបភាពផ្សេងទៀតដើម្បីអនុវត្តគម្រោងសំណងនានា ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយជនរងគ្រោះដោយសារឧក្រិដ្ឋកម្មរបស់របបខ្មែរក្រហម។

ឯកសារ អ.វ.ត.ក. បានបង្ហាញអំពីសំណើគម្រោងសំណងសរុបចំនួន៣២ ក្នុងនោះ អ.វ.ត.ក. សម្រេចទទួលយក ២៦ គម្រោង ដែលសុទ្ធសឹងតែជាសំណងស្របតាមក្របខណ្ឌដូចបានលើកឡើងខាងលើ។ គម្រោងសំណងដែលទទួលយកដោយខ អ.វ.ត.ក. រួមមាន៖

១. ការចងក្រង និងផ្សព្វផ្សាយអំពីការសូមអភ័យទោសទាំងអស់របស់ ឌុច នៅក្នុងសវនាការ។​

២. ការបញ្ចូលឈ្មោះដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់ក្នុងសាលក្រមស្ថាពរ រួមទាំងការបោះពុម្ព និងការផ្សព្វផ្សាយ​​​សាលក្រម សំណើទាំងអស់នេះត្រូវបានទទួលស្គាល់ដោយអង្គជំនុំជម្រះសាលាដំបូង និងអនុវត្តដោយ អ.វ.ត.ក។

៣. ទិវាជាតិនៃការចងចាំ ដើម្បីរម្លឹកដល់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងប្រទេសកម្ពុជា។

៤. គម្រោងសាងសង់បូជនីដ្ឋានសាធារណៈនៅភ្នំពេញ ដើម្បីរម្លឹកព្រឹត្តិការណ៍ដែលបានប៉ះពាល់ដល់ប្រជាជននៅទីក្រុងភ្នំពេញ ក្នុងខែមេសា ឆ្នាំ១៩៧៥ នៅពេលដែលអ្នករស់នៅទីក្រុងនេះត្រូវបានបង្ខំឲ្យបោះបង់​ផ្ទះសម្បែងរបស់ខ្លួនចោល។

៥. ការព្យាបាលតាមរបៀបការចងក្រងជាសក្ខីកម្មជូនដើមបណ្តឹងរដ្ឋប្បវេណី ដោយអនុញ្ញាតឲ្យ​ពួកគាត់​និយាយអំពីបទពិសោធន៍របស់ខ្លួន ដោយមានការគាំទ្រ និងជំនួយពីអ្នកជំនាញផ្នែកផ្លូវចិត្ត និងអានផ្នែកខ្លះនៃបទពិសោធន៍របស់ពួកគាត់នៅក្នុងពិធីបុណ្យជាសាធារណៈ ដែលធ្វើឡើងស្របតាមជំនឿសាសនា និងការអនុវត្តវប្បធម៌របស់ពួកគាត់។

៦. ការបង្កើតក្រុមជួយខ្លួនឯងសម្រាប់ការស្តារនីតិសម្បទា នៅក្នុងសហគមន៍មូលដ្ឋានដែលត្រូវបានសម្របសម្រួលប្រកបដោយវិជ្ជាជីវៈ សមាគមស្ម័គ្រចិត្តរបស់ប្រជាជនដែលជួបប្រជុំគ្នាដើម្បីលើកកម្ពស់សុខុមាលភាព អភិវឌ្ឍជំនាញទប់ទល់ និងជម្នះទុក្ខលំបាកជាមួយគ្នា។

៧. ការតាំងពិព័រណ៍ជាអចិន្ត្រៃយ៍អំពីការជម្លៀសដោយបង្ខំ នៅក្នុងសារមន្ទីរខេត្តចំនួន ៥ គឺក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ តាកែវ និង ស្វាយរៀង។

៨. ការតាំងពិព័រណ៌ចល័ត ស្តីពីប្រវត្តិសាស្ត្រខ្មែរក្រហម និង អ.វ.ត.ក. ដើម្បីលើកកម្ពស់ការអប់រំ និងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ដើមបណ្តឹងរដ្ឋប្បវេណី ជាពិសេសអ្នកដែលទទួលរងការឈឺចាប់ដោយការផ្លាស់ទីលំនៅដោយបង្ខំ តាមរយៈការតាំងពិព័រណ៍តាមប្រព័ន្ធផ្សព្វផ្សាយចម្រុះ។

៩. ការបញ្ចូលជំពូក ស្តីពី ការជម្លៀសប្រជាជនដោយបង្ខំ និងទីតាំងសម្លាប់មនុស្សនៅទួលពោធិ៍ជ្រៃ ទៅក្នុង​សៀវភៅណែនាំសម្រាប់គ្រូបង្រៀន “ការបង្រៀនអំពីប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)” ដែលប្រើក្នុងកម្មវិធីអប់រំអំពីអំពើប្រល័យពូជសាសន៍។

១០. ការសាងសង់មជ្ឈមណ្ឌលសិក្សាសន្តិភាព នៅក្នុងភូមិសំរោងក្នុងខេត្តបាត់ដំបង ជាកន្លែងដែលមានការសម្លាប់រង្គាល ដោយខ្មែរក្រហម ដើម្បីប្រែក្លាយអតីតកាលអវិជ្ជមាននៃទីតាំងនេះ ទៅជាកន្លែងវិជ្ជមានសម្រាប់ការរំឭក ការចងចាំ ការសន្ទនា និងការអប់រំ។

១១. ការបោះពុម្ពកូនសៀវភៅបង្ហាញអំពីអង្គហេតុក្នុងសំណុំរឿង ០០២/០១ និងការចូលរួមរបស់ដើមបណ្តឹងរដ្ឋប្បវេណី ដែលបានប្រែក្លាយសំឡេងរបស់ដើមបណ្តឹងរដ្ឋប្បវេណីទៅជារឿងរ៉ាវជាលាយលក្ខណ៍អក្សរ និងជាស្នាដៃសិល្បៈគំនូរវិញ។

១២. ការបោះពុម្ព និងការចែកចាយសាលក្រមសំណុំរឿង ០០២/០១ ពេញលេញ និងជាសង្ខេបជូនដល់ដើមបណ្តឹងរដ្ឋប្បវេណី ។

១៣. ការបោះពុម្ពឈ្មោះដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងគេហទំព័រ អ.វ.ត.ក. ដើម្បីទទួលស្គាល់ព្យសនកម្មដែលពួកគាត់បានរងទុក្ខ និងទទួលស្គាល់ការចូលរួមរបស់ពួកគាត់ក្នុងដំណើរការនីតិវិធី។

១៤. កម្មវិធីសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរក្រហម រួមបញ្ចូលនូវឯកសារសោតទស្សន៍សហសម័យ និងរឿងរ៉ាវរបស់ដើមបណ្តឹងរដ្ឋប្បវេណី។

១៥. ការអប់រំប្រវត្តិសាស្ត្រខ្មែរក្រហមតាមរយៈការបណ្តុះបណ្តាលនិងសិក្ខាសាលាសម្រាប់លោកគ្រូ អ្នកគ្រូ និងសាស្ត្រាចារ្យមហាវិទ្យាល័យ ដើម្បីអប់រំយុវជនអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងបទពិសោធន៍របស់ដើមបណ្តឹងរដ្ឋប្បវេណី។

១៦. គម្រោងអន្តរព័ត៌មាន អណ្តើកក្លាហាន ដើម្បីលើកកម្ពស់ការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងភាពក្លាហានរបស់ដើមបណ្តឹងរដ្ឋប្បវេណី តាមរយៈការអប់រំសិស្សានុសិស្ស និងលើកទឹកចិត្តឱ្យមានកិច្ចសន្ទនាអន្តរជំនាន់​រវាងយុវជន និងដើមបណ្តឹងរដ្ឋប្បវេណី។

១៧. គម្រោងប្រព័ន្ធផ្សព្វផ្សាយសហគមន៍ អំពីប្រជាជនចាមក្នុងរបបខ្មែរក្រហម រួមមានភាពយន្ត ពហុប្រព័ន្ធផ្សព្វផ្សាយ ការតាំងពិព័រណ៍ គេហទំព័រ និងប្លុក។

១៨. គម្រោងផ្កាស្លាក្រោមអង្គការ៖ ការបង្កើតរបាំបុរាណ និងការតាំងពិព័រណ៍ អំពីការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការស្វែងយល់ និងការពិភាក្សាអំពីបទបញ្ជាស្តីពីការរៀបអាពាហ៍ពិពាហ៍ក្រោមរបបខ្មែរក្រហម។

១៩. លើកកម្ពស់ការយល់ដឹងអំពីការប្រព្រឹត្តលើជនជាតិភាគតិចវៀតណាម និង ចាម ក្នុងអំឡុងរបបខ្មែរក្រហម តាមរយៈវេទិកា ការតាំងពិព័រណ៌ និងរឿងប្រលោមលោកគំនូរ ដើម្បីផ្តល់ឱកាសឱ្យដើម​បណ្តឹងរដ្ឋប្បវេណីពិភាក្សា និងចងក្រងនូវបទពិសោធន៍របស់ពួកគាត់ក្រោមរបបខ្មែរក្រហម និងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីមូលហេតុ និងផលវិបាកនៃអំពើហិង្សា និងការរើសអើងជនជាតិភាគតិច លើកឡើងអំពីផ្នត់គំនិត និងលើកកម្ពស់ការប្រឆាំងនឹងការរើសអើង។

២០. ការបោះពុម្ពរឿងរ៉ាវមិនធ្លាប់បានគេដឹងរបស់ដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ០០២/០២ ដែលមិនមានឱកាសថ្លែងនៅចំពោះមុខអង្គជំនុំជម្រះសាលាដំបូង ជាការផ្តល់ឱកាសក្នុងការចងក្រងឯកសារ និងផ្សព្វផ្សាយបទពិសោធន៍របស់ពួកគាត់ ទទួលស្គាល់ភាពជាជនរងគ្រោះ និងការឈឺចាប់របស់ពួកគាត់។

២១. ពេលវេលាដែលត្រូវចងចាំ៖ ការប្រកួតប្រជែងតាក់តែងបទចម្រៀង ឆ្នាំ២០១៦ របស់យុវជនទាក់ទងនឹង​ការចងចាំនៅកម្ពុជា ការ​រួម​បញ្ចូល​ការ​និពន្ធ​បទ​ចម្រៀង និង​ការ​សម្តែង​ ជាមួយ​នឹង​ការ​សន្ទនា​អន្តរជំនាន់​រវាង​យុវជន និង​ដើម​បណ្តឹង​រដ្ឋប្បវេណី។

២២. ផ្ទាំងគំនូដើម្បីការចងចាំអំពីក្រាំងតាចាន់ ដោយនិស្សិតសាកលវិទ្យាល័យ ដោយប្រើរឿងរ៉ាវរបស់អ្នករស់រានមានជីវិត ដើម្បីបង្កើតការតាំងពិព័រណ៌ អមដោយកូនសៀវភៅរម្លឹកដល់ដំណើរការនៃការបង្កើតផ្ទាំងគំនូ​ដើម្បីការចងចាំ។

២៣. ការចូលមើលជាសាធារណៈ និងឥតគិតថ្លៃនូវកំណត់ត្រាតុលាការ និងសម្ភារៈរបស់ដើមបណ្តឹងរដ្ឋប្បវេណី នៅមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធ អ.វ.ត.ក. ។

២៤. ផ្តល់ការព្យាបាល និងការផ្សះផ្សាសម្រាប់អ្នករស់រានមានជីវិត តាមរយៈអន្តរាគមន៍ផ្នែកចិត្តសាស្ត្រ ដោយការផ្តល់លទ្ធភាពទទួលបានសេវាសុខភាពផ្លូវចិត្ត ការនិយាយការពិតនិងការផ្សះផ្សា និងការអភិវឌ្ឍសមត្ថភាពសម្រាប់បុគ្គលិកគម្រោងក្នុងសហគមន៍គោលដៅនីមួយៗ។

២៥. ការអប់រំផ្នែកច្បាប់ និងសិទ្ធិពលរដ្ឋដល់ដើមបណ្តឹងរដ្ឋប្បវេណីជាជនជាតិភាគតិចវៀតណាម តាមរយៈការពិគ្រោះយោបល់សហគមន៍ ការផ្សព្វផ្សាយ សិក្ខាសាលាអប់រំ និងការផលិតសម្ភារផ្សព្វផ្សាយ ដើម្បីអនុញ្ញាតឱ្យដើមបណ្តឹងរដ្ឋប្បវេណីយល់កាន់តែច្បាស់អំពីឋានៈផ្លូវច្បាប់របស់ពួកគាត់ក្រោមច្បាប់កម្ពុជា។

២៦. លើកកម្ពស់សុខភាព និងសុខុមាលភាពផ្លូវចិត្តរបស់ដើមបណ្តឹងរដ្ឋប្បវេណី និងបុគ្គលចាស់ជរាដែលងាយរងគ្រោះក្នុងប្រទេសកម្ពុជា តាមរយៈការជួយដើមបណ្តឹងរដ្ឋប្បវេណីដែលមានវ័យចំណាស់ក្នុងការទទួលបានសេវាថែទាំសុខភាព រួមមានការថែទាំសុខភាពបឋម ការពិនិត្យសុខភាព ការផ្តល់ការអប់រំសុខភាពផ្លូវចិត្តនៅកម្រិតសហគមន៍ និងការគាំទ្រជីវភាព។

សូមជម្រាបអំពីប្រវត្តិ ទិវាជាតិនៃការចងចាំ ដោយយោងទៅលើសុន្ទរកថាប្រមុខរាជរដ្ឋាភិបាលដូច្នេះថា៖

រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា «ទិវានៃការចងកំហឹង» កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះ «បទប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវ សំផន» ដែលបានកាប់សម្លាប់ ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៨៤មក។ ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជាបានប្តូរពី «ទិវានៃការចងកំហឹង» ទៅជា «ទិវាចងចាំ» រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ១៩ អនក្រ.បក កំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» វិញ ដោយមានមូលហេតុចម្បងចំនួនពីរ៖ ទី១- ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃបង្កើត សហករណ៍ ដើម្បីប្រមូលផ្តុំប្រជាជនធ្វើការងារក្រុមសមាមគ្គី ដោយលុបបំបាត់កម្មសិទ្ធិឯកជន នៅក្នុងតំបន់មួយចំនួនដែលហៅថាតំបន់រំដោះ ដែលស្ថិតក្រោមការគ្រប់គ្រងនៃកងទ័ពរំដោះខ្មែរក្រហម និងទី២- អតីតក្រុមមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត និង នួន ជា បានរៀបចំផែនការនិងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាទ្រង់ទ្រាយធំ ដែលធ្វើឱ្យប្រជាជនកម្ពុជាប្រមាណជាង៣លាននាក់ បានស្លាប់ក្នុងរបបនយោបាយដ៏ឃោរឃៅនេះ៕

Share.