ក្នុងឱកាសដ៏រីករាយ និងជាទីមោទកភាពជាតិ ដែលព្រះរាជាណាចក្រកម្ពុជា ត្រូវបានគេចាត់ថ្នាក់ជា ប្រទេសមានបរិស្ថានធម្មជាតិល្អបំផុតលេខ១ លើពិភពលោកប្រចាំឆ្នាំ២០២៦ ក្នុងនោះឯកឧត្តម វ៉ាង វិនពីន បានសម្ដែងការអបអរសាទរចំពោះកម្ពុជា។ នេះមិនមែនជារង្វាន់តូចតាចនោះទេ ប៉ុន្តែជាការទទួលស្គាល់ជាសកលចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ក្នុងការថែរក្សាធនធានធម្មជាតិ ជីវៈចម្រុះ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

កាន់តែវិសេសជាងនេះទៅទៀត ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានចូលរួមអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងនេះ ដែលជាការបង្ហាញការអបអរសាទរពីសំណាក់មិត្តចិនក្នុងភាពជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់កម្ពុជា។ នោះមិនមែនគ្រាន់តែជាសុជីវធម៌ការទូតប៉ុណ្ណោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីការទទួលស្គាល់យ៉ាងស្មោះអស់ពីចិត្តចំពោះគោលនយោបាយ និងវិធានការការពារបរិស្ថានដ៏ត្រឹមត្រូវរបស់កម្ពុជា។
ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានដាក់ចេញនូវវិធានការជាច្រើនគួរឱ្យកត់សម្គាល់ដូចជា ការពង្រឹងការគ្រប់គ្រងព្រៃឈើ ការបង្កើតតំបន់ការពារធម្មជាតិ ការទប់ស្កាត់ការនេសាទខុសច្បាប់ និងការលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ។ ទាំងអស់នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការស្ដារតុល្យភាពអេកូឡូស៊ី និងកាត់បន្ថយការបំពុលបរិស្ថាន។
ការទទួលបានចំណាត់ថ្នាក់លេខ១ លើពិភពលោក មិនមែនជាចំណុចបញ្ចប់នៃកិច្ចការនេះទេ ប៉ុន្តែវាជាការលើកទឹកចិត្តដ៏ខ្លាំងក្លាមួយ ដែលធ្វើឱ្យយើងគ្រប់គ្នាកាន់តែដឹងថា ការការពារបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ចបានដើរទន្ទឹមគ្នា។ វាជាមេរៀនមួយបង្ហាញដល់ពិភពលោកថា សូម្បីតែប្រទេសកំពុងអភិវឌ្ឍន៍ក៏អាចក្លាយជាគំរូដ៏ល្អក្នុងការអភិរក្សបរិស្ថានបានដែរ ប្រសិនបើមានឆន្ទៈនយោបាយ និងការចូលរួមពីសាធារណជន។
ជាចុងក្រោយ សមិទ្ធផលនេះគឺជាមោទកភាពរបស់យើងទាំងអស់គ្នា ក្នុងនាមជាខ្មែរ។ ការក្សាបរិស្ថានឱ្យបានស្អាត បៃតង និងចីរភាព គឺដើម្បីកូនចៅជំនាន់ក្រោយ៕

