ភ្នំពេញ ៖ ដោយអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោកឧត្ដមសេនីយ៍ទោ ហម រដ្ឋា អនុប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស បានដឹកនាំក្រុមការងារចុះបើកប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ។

ការចុះបើកប្រអប់សំបុត្រនេះធ្វើឡើងនៅតាមទីតាំងសំខាន់ៗជាច្រើន រួមមាន៖ មុខក្លោងទ្វារអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មុខក្លោងទ្វារនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងនាយកដ្ឋានលិខិតឆ្លងដែន, បេឡាជាតិសន្តិសុខសង្គម (ប.ស.ស), ទីស្នាក់ការផ្ដល់លិខិតឆ្លងដែនធម្មតា ទីស្នាក់ការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅផ្សារទំនើបអុីអន២សែនសុខ ព្រមទាំងទីស្នាក់ការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទីស្នាក់ការផ្ដល់លិខិតឆ្លងដែនធម្មតា នៅផ្សារទំនើបអុីអនម៉លមានជ័យ។
គួរបញ្ជាក់ថា ប្រអប់សំបុត្រសេវាអត្តសញ្ញាណកម្មនេះ ត្រូវបានដាក់តម្លើងនៅតាមទីតាំងនានា ក្នុងគោលបំណងទទួលយកនូវរាល់មតិយោបល់ ពាក្យបណ្តឹង និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីនាំយកមកពិនិត្យ ដោះស្រាយ និងរាយការណ៍ជូនថ្នាក់ដឹកនាំជ្រាបជាលំដាប់។





ការអនុវត្តនេះ គឺជាយន្តការបន្ថែមមួយ ដែលអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានរៀបចំឡើង ដើម្បីពង្រឹងសេវាកម្ន និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ ក្រៅពីប្រអប់សំបុត្រ ប្រជាពលរដ្ឋក៏អាចទំនាក់ទំនងតាមរយៈឆានែលផ្សេងៗទៀតដូចជា៖ កម្មវិធី GDI eServices (App)-លេខទូរស័ព្ទប្រចាំការ ១២៧១ / ០១៧ ៨៩៨ ៩១៥ និងទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
លោកឧត្ដមសេនីយ៍ទោ ហម រដ្ឋា បានដឹកនាំបេសកកម្មនេះក្នុងនាមជាតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស ដោយមានការសហការពីនាយកដ្ឋានជំនាញ និងទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណកម្មនានា។
គួរបញ្ជាក់ផងដែរថា សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងការស្តាប់នូវរាល់កង្វល់របស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងទំនុកចិត្ត និងតម្លាភាពក្នុងការផ្តល់សេវាសាធារណៈ៕

