ភ្នំពេញ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ការអនុវត្តច្បាប់កាតព្វកិច្ចយោធា មិនមែនជាបន្ទុកសម្រាប់យុវជន ឬសង្គមនោះទេ ប៉ុន្តែគឺជាឱកាសដ៏មានតម្លៃសម្រាប់យុវជនគ្រប់រូបក្នុងការចូលរួមចំណែកការពារបូរណភាពទឹកដី និងសមត្ថភាពជាតិ។

ប្រសាសន៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍បានធ្វើឡើងក្នុងបរិបទដែលកម្ពុជាកំពុងជំរុញការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ដែលជាយន្តការមួយក្នុងការពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេស។ ឯកឧត្តមបានថ្លែងយ៉ាងច្បាស់លាស់ថា៖

«យុវជនយើងដែលជាប់កាតព្វកិច្ចយោធានេះ គឺមិនមែនជាបន្ទុកនោះទេ គឺសូមឱ្យចូលរួម… ជាឱកាសរបស់យុវជនគ្រប់រូប ដែលអាចចូលរួមចំណែកក្នុងការការពារជាតិ»។

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់បន្ថែមថា ក្នុងករណីមានបញ្ហាប៉ុនប៉ង ឬការឈ្លានពានពីខាងក្រៅ យុវជនដែលបានទទួលការហ្វឹកហ្វឺនពីកាតព្វកិច្ចយោធានឹងមានចំណែកយ៉ាងសំខាន់ក្នុងការជួយការពារជាតិ ព្រមទាំងរួមចំណែកជាមួយរាជរដ្ឋាភិបាល ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រទេសជាតិ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់យ៉ាងច្បាស់ថា ច្បាប់កាតព្វកិច្ចយោធាមិនមែនជាការដាក់បន្ទុកដល់សង្គម ឬយុវជនជំនាន់ក្រោយនោះទេ ប៉ុន្តែវាជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ស្របតាមតម្រូវការរបស់ក្រសួងការពារជាតិ។

គួរបញ្ជាក់ផងដែរថា កាតព្វកិច្ចយោធាត្រូវបានចាត់ទុកជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រឹងសមត្ថភាពការពារជាតិរយៈពេលវែង ដោយបង្កើតឱកាសឱ្យយុវជនបានបណ្តុះបណ្តាលជំនាញចាំបាច់ និងស្មារតីស្នេហាជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការកសាង និងការពារជាតិប្រកបដោយចីរភាព៕

Share.