កំពង់ធំ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៣គ្រួសារ ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សកម្មភាពនេះដឹកនាំដោយ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខា កាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសមាជិក សមាជិកា និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក។

តាមរបាយការណ៍ គ្រោះខ្យល់កន្ត្រាក់ដែលបានកើតឡើងកាលពីល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៦ និង២០នាទី បានបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋរលំទាំងស្រុងចំនួន២ខ្នង និងរបើកដំបូលចំនួន១១ខ្នង។

ក្នុងឱកាសនោះ លោកជំទាវ លំ គន្ធារី ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយ ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

ជាមួយគ្នានេះ លោកជំទាវក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ថែរក្សាសុខភាព អនាម័យ និងការពារជំងឺគ្រុនឈាមតាមរយៈការផឹកស្អាត ហូបស្អាត និងសម្រាកក្នុងមុងជាប្រចាំ។

អំណោយដែលបានចែកជូនរួមមាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ កញ្ចប់ឃីត១កញ្ចប់ និងថវិកាមួយចំនួន។ ដោយឡែក គ្រួសារដែលផ្ទះរលំទាំងស្រុង ទទួលបានតង់១ កន្ទេល១ ឆ្នាំងបាយ២ និងថវិកាបន្ថែមផងដែរ។

Share.