ភ្នំពេញ៖ តាមអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានបន្តឆក់យកជីវិតមនុស្សយ៉ាងគួរឱ្យសោកស្តាយ។

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គិតចាប់ពីម៉ោង ១៤:០០ នាថ្ងៃទី១៩ ខែឧសភា ដល់ម៉ោង ១៤:០០ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានកើតឡើងនូវគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣លើក (ក្នុងនោះមាន ១លើកនៅពេលយប់)។

គ្រោះថ្នាក់ទាំងនេះបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ៤នាក់ (ស្រី ០នាក់) និងរងរបួសសរុបចំនួន ៤នាក់ (ស្រី ១នាក់)។ ក្នុងចំណោមអ្នករបួស មានរបួសធ្ងន់ចំនួន ២នាក់ (ស្រី ១នាក់) និងរបួសស្រាលចំនួន ២នាក់ (ស្រី ០នាក់)។ គួរឱ្យកត់សម្គាល់ថា ក្នុងចំណោមអ្នករងគ្រោះ មានចំនួន ២នាក់មិនបានពាក់មួកសុវត្ថិភាព (ក្នុងនោះមាន ១នាក់នៅពេលយប់)។

មូលហេតុនៃគ្រោះថ្នាក់ ត្រូវបានកំណត់ដូចជា៖ ល្មើសល្បឿន ១លើក បណ្តាលឲ្យស្លាប់ ១នាក់ , មិនគោរពសិទ្ធ ១លើក បណ្តាលឲ្យស្លាប់ ១នាក់ របួសធ្ងន់ ២នាក់ និងរបួសស្រាល ២នាក់ និងប្រជែងគ្នា ១លើក បណ្តាលឱ្យ​ស្លាប់ ២នាក់។

ដោយឡែក ការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ ដែលភាគច្រើនបណ្តាលមកពីការមិនគោរពច្បាប់ជាមូលដ្ឋាន ដូចជា ការបើកបរលើសល្បឿន ការមិនគោរពសិទ្ធ និងការប្រជែងគ្នាលើដងផ្លូវ នៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ។

យ៉ាងណាមិញ អាជ្ញាធរមានសមត្ថកិច្ចបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់ចរាចរណ៍ជានិច្ច ដោយពាក់មួកសុវត្ថិភាព បើកបរក្នុងល្បឿនកំណត់ និងជៀសវាងការប្រជែងគ្នា ដើម្បីសុវត្ថិភាពជីវិតខ្លួនឯង និងអ្នកដទៃ៕

Share.