ប៉ោយប៉ែត៖ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធបទល្មើស Game Online និង Scam Online មួយកន្លែង នៅក្រុងប៉ោយប៉ែត។

ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងចម្រុះខេត្តបន្ទាយមានជ័យ ដោយបានចុះឆែកឆេរអគារមួយកន្លែង ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញជនជាតិចិនប្រមាណជាង១០០នាក់ និងបានធ្វើការឃាត់ខ្លួន បញ្ជូនតាមរថយន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងប្រមូលវត្ថុតាងពាក់ព័ន្ធនៅក្នុងអគារខាងលើ ដើម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់។

អត្ថបទ៖បន្ទាយមានជ័យ

Share.