កំពង់ធំ៖ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍនា ប្រធានគណៈកម្មការ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានចុះបំពេញបេសកកម្មនៅរដ្ឋបាលខេត្តកំពង់ធំ ដើម្បីស្វែងយល់ពីការអនុវត្តច្បាប់ និងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការចង្អុលបង្ហាញពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។

អភិបាលខេត្តកំពង់ធំ ក៏បានបញ្ជាក់ផងដែរថា អាជ្ញាធរបានបន្តបង្ក្រាបក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងទប់ស្កាត់មិនឱ្យមានល្បែងអនឡាញនៅក្នុងភូមិសាស្ត្រខេត្ត។ ជាមួយគ្នានេះ ការបង្ក្រាបបទល្មើសធនធានធម្មជាតិក៏ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពផងដែរ។

ជាការឆ្លើយតប ឯកឧត្តម អង្គ វង្ស វឌ្ឍនា បានវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពង់ធំ ដែលបានប្រើប្រាស់យន្តការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ដើម្បីដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងកាត់បន្ថយការរំលោភដីរដ្ឋ។

ឯកឧត្តម ក៏បានកោតសរសើរចំពោះការអភិវឌ្ឍរបស់ខេត្តកំពង់ធំ ជាពិសេសវិស័យកសិកម្ម ការផលិតស្រូវ និងការចិញ្ចឹមសត្វ ដែលកំពុងមានការរីកចម្រើន និងជួយបង្កើតការងារជូនប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

អត្ថបទ÷កំពង់ធំ

Share.