ស្វាយរៀង៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចុះបង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែង ស្ថិតនៅមជ្ឈមណ្ឌលបាវិតផ្លាហ្សា ក្នុងក្រុងបាវិត ដោយឃាត់ខ្លួនមនុស្សសរុប១២៩នាក់។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង។កម្លាំងនគរបាលបានសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោកស្រី ពៅ ទេវី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះស្រាវជ្រាវ និងឆែកឆេរទីតាំងសង្ស័យខាងលើ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចំនួន១២៩នាក់ ក្នុងនោះមាន ស្រី៧នាក់ រួមមាន ជនជាតិវៀតណាម១១នាក់ ចិន១០៣នាក់ ប៉ាគីស្ថាន១០នាក់ បង់ក្លាដេស៤នាក់ និងមីយ៉ាន់ម៉ា១នាក់។

ក្រៅពីនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងពាក់ព័ន្ធជាច្រើន រួមមាន កុំព្យូទ័រលើតុប្រភេទ All-In-One ទូរស័ព្ទដៃ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ខណៈទីតាំងប្រព្រឹត្តបទល្មើសត្រូវបានបិទស៊ីលជាបណ្ដោះអាសន្ន។

អត្ថបទ÷កណ្តាល

Share.