នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ស្អែកនេះ អង្គការ WWF-កម្ពុជា សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តមណ្ឌលគិរី អង្គការ Fauna & Flora International (FFI) អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ជូនដំណឹងអំពីការលែងក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល (Crocodylus siamensis) ចូលទៅក្នុងទន្លេស្រែពក ស្ថិតក្នុងដែនជម្រកសត្វព្រៃស្រែពក បន្ទាប់ពី ដំណើរការពិគ្រោះយោបល់ និងទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធនៅគ្រប់កម្រិត រួមទាំងសហគមន៍ ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។

កម្មវិធីលែងក្រពើភ្នំនេះ គឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា ដើម្បីស្តារប្រភេទក្រពើដែលជិតផុតពូជបំផុតមួយនៅលើពិភពលោក និងពង្រឹងការអភិរក្ស ប្រព័ន្ធអេកូឡូស៊ីទឹកសាបនៅក្នុងតំបន់ទេសភាពខ្ពង់រាបភាគខាងកើត។

តំបន់ទេសភាពខ្ពង់រាបភាគខាងកើត គឺជាតំបន់អភិរក្សជីវៈចម្រុះដ៏សំខាន់បំផុតមួយនៅអាស៊ីអាគ្នេយ៍ ដែលជា ជម្រកនៃប្រភេទសត្វជិតផុតពូជ និងជីវៈចម្រុះទឹកសាបដែលមានសារៈសំខាន់ជាសកល។ កម្មវិធីលែងក្រពើភ្នំនេះ មានគោលបំណងបង្កើនចំនួនក្រពើភ្នំដែលមានចំនួនតិច និងបែកខ្ញែកនៅក្នុងប្រព័ន្ធ ទន្លេស្រែពក និងគាំទ្រការស្តារចំនួនប្រភេទសត្វនេះក្នុងរយៈពេលវែង តាមរយៈវិធានការអភិរក្សផ្អែកលើ វិទ្យាសាស្ត្រ។

ក្រពើភ្នំត្រូវបានចាត់ថ្នាក់ជា «ប្រភេទជិតផុតពូជបំផុត» នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ហើយគេជឿថា នៅសល់តិចជាង ១,០០០ក្បាលប៉ុណ្ណោះនៅក្នុងទីជម្រកធម្មជាតិនៅទូទាំងពិភពលោក។ កម្ពុជាត្រូវបានចាត់ទុកថាមានសារៈសំខាន់ជាសកលសម្រាប់ការអភិរក្សសត្វប្រភេទនេះ និងជាទីជម្រកនៃចំនួន ក្រពើភ្នំដ៏ធំបំផុតមួយដែលនៅសេសសល់។

កម្មវិធីលែងក្រពើភ្នំនេះ ក៏ជាលទ្ធផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រអំពីចំនួនសត្វព្រៃ ការវាយតម្លៃទីជម្រកធម្មជាតិ ការរៀបចំផែនការអភិរក្ស និងការចូលរួមពីសហគមន៍អស់រយៈពេលជាច្រើនឆ្នាំ។ នៅឆ្នាំ២០២១ ក្រុមស្រាវជ្រាវ
ពីចលនា ការបម្លាស់ទី ការរស់រានមានជីវិត ការសម្របខ្លួនរបស់ក្រពើភ្នំនៅក្នុងទីជម្រកធម្មជាតិ ជាពិសេសនោះគឺ ការផ្តល់ជាទិន្នន័យគំរូសម្រាប់កម្មវិធីលែងក្រពើភ្នំបែបនេះនាពេលអនាគតផ្សេងទៀត។

កម្មវិធីស្តារចំនួនក្រពើភ្នំនៅទន្លេស្រែពក ត្រូវបានគាំទ្រតាមរយៈការពង្រឹងការល្បាតតាមដងទន្លេ ការការពារជម្រក ធម្មជាតិ ការចូលរួមពីសហគមន៍ ការផ្សព្វផ្សាយការយល់ដឹង និងកិច្ចសហការជាមួយជនជាតិដើមភាគតិច និង សហគមន៍មូលដ្ឋាន ដើម្បីកាត់បន្ថយការគំរាមកំហែង ដូចជាការនេសាទខុសច្បាប់ និងការបំផ្លាញជម្រកធម្មជាតិ៕

Share.