តាមរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ខេត្តព្រះសីហនុត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសារព័ត៌មានអន្តរជាតិមួយ ស្ដីពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលគ្រោងប្រព្រឹត្តទៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៦ ខាងមុខ ដោយមានការចូលរួមពីប្រមាណ ១០ ប្រទេស។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងក្នុងអង្គប្រជុំស្ដីពីវឌ្ឍនភាពការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ថា ដើម្បីពង្រឹងការរៀបចំសន្និសីទសារព័ត៌មានលំដាប់អន្តរជាតិនេះឱ្យប្រព្រឹត្តទៅដោយរលូន ឯកឧត្តមបានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចព្រួតដៃគ្នាជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តអនុក្រឹត្យលេខ ០៣ ឱ្យបានម៉ឺងម៉ាត់ និងបន្តបង្ក្រាបដោយមិនចំពោះមុខទៅលើក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

កិច្ចប្រជុំនាពេលនោះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ លោក លោកស្រី អភិបាលរងខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេង​ទៀត។

បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតចាប់ពីពាក់កណ្តាលឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានបើកប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ទូទាំងប្រទេសបានចំនួន ៤៨ លើក ដោយបានបិទទីតាំងសង្ស័យ និងទីតាំងប្រព្រឹត្តបទល្មើសសរុបជិត ១០០ កន្លែង នៅក្នុងរាជធានី-ខេត្តចំនួន ១៨។

ប្រតិបត្តិការនេះ ត្រូវបានដឹកនាំ និងសម្របសម្រួលដោយលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ដូចជា៖

ការឃាត់ខ្លួនជនសង្ស័យ៖ មនុស្សប្រមាណជាង ៣,៤០០ នាក់ ដែលមានច្រើនជាង ២០ សញ្ជាតិ ត្រូវបានឃាត់ខ្លួនក្នុងអំឡុងពេលនៃការចុះបង្ក្រាប។

ការបញ្ជូនទៅតុលាការ៖ ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួន មេខ្លោង និងបក្ខពួកសរុបប្រមាណ ៧៥០ នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ការបណ្តេញចេញពីប្រទេស៖ ជនបរទេសប្រមាណជាង ១១,០០០ នាក់ ត្រូវបានអាជ្ញាធរអន្តោប្រវេសន៍ធ្វើការបណ្តេញចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសកំណើតវិញ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនេះ។

សូមជម្រាបថា សន្និសីទសារព័ត៌មានអន្តរជាតិនាពេលខាងមុខនេះ ត្រូវបានគេរំពឹងថានឹងជាវេទិកាមួយដ៏សំខាន់សម្រាប់កម្ពុជាក្នុងការចែករំលែកបទពិសោធន៍ លទ្ធផលនៃការបង្ក្រាប និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពថែមទៀត៕

https://troryorng.com/
Share.