ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់សវនាការលើសំណុំរឿងចំនួន ២ ពាក់ព័ន្ធក្រុមហ៊ុន “ពិភពដីមាស” នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដោយចៅក្រមសម្រេចទុកពេល ៣០ថ្ងៃ ឲ្យភាគីទាំងសងខាងដាក់ភស្តុតាងបន្ថែម មុននឹងចេញសាលក្រម។
សំណុំរឿងនេះមានជនជាប់ចោទសរុបជាច្រើននាក់ ក្នុងនោះមានអតីតឧកញ៉ា ហ៉ី គីមហុង និងបក្ខពួក ត្រូវបានចោទប្រកាន់ពីបទ “ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមចាត់តាំង)” ប្រព្រឹត្តក្នុងរាជធានីភ្នំពេញ ចន្លោះឆ្នាំ២០២១ ដល់ ២០២៣ តាមមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។
ក្រៅពីនេះ ក៏មានជនជាប់ចោទមួយចំនួនទៀត ត្រូវបានចោទពីបទ “ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស” ពាក់ព័ន្ធហេតុការណ៍កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។



បន្ទាប់ពីបញ្ចប់សវនាការ ប្រជាពលរដ្ឋជាជនរងគ្រោះប្រមាណជិត ៣០០នាក់ មកពីបណ្ដាខេត្ត-ក្រុងនានា មិនពេញចិត្តនឹងការទុកពេល ៣០ថ្ងៃនេះ បាននាំគ្នាប្រមូលផ្តុំ និងបិទផ្លូវនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យតុលាការចេញដីកាចាប់ខ្លួនជនជាប់ចោទឈ្មោះ ហ៉ី គីមហុង។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចបានចាប់ខ្លួនអតីតឧកញ៉ា ហ៉ី គីមហុង និងក្រុមអង្គរក្សសរុប ១៤នាក់ នៅស្នាក់ការក្រុមហ៊ុន “ពិភពដីមាស” ក្នុងខណ្ឌព្រែកព្នៅ ពាក់ព័ន្ធបទឆបោក ការញុះញង់ប្រឆាំងអ្នករាជការ និងការសម្អាតប្រាក់។
ក្រោយមក អតីតឧកញ៉ា និងបក្ខពួក ត្រូវបានសាលាឧទ្ធរណ៍អនុញ្ញាតឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន បន្ទាប់ពីមានសំណើពីជនរងគ្រោះមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយ។
បច្ចុប្បន្ន សំណុំរឿងនេះកំពុងស្ថិតក្នុងដំណាក់កាលពិនិត្យបន្ថែមភស្តុតាង មុននឹងតុលាការចេញសេចក្ដីសម្រេចជាផ្លូវការ។
អត្ថបទ៖ ចតុម្មុខ

