ក្រចេះ៖ អាជ្ញាធរ និងមន្ត្រីជំនាញ បានចុះអន្តរាគមន៍សង្គ្រោះសត្វក្តាន់ឈ្មោលមួយក្បាល ដែលជាប្រភេទសត្វជិតផុតពូជ បន្ទាប់ពីវារត់ចេញពីដែនជម្រកធម្មជាតិ ចូលមកក្នុងភូមិប្រជាពលរដ្ឋ នៅខេត្តក្រចេះ។

ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ក្នុងភូមិក្បាលជូ ឃុំសំបុក ស្រុកចិត្របុរី។ សត្វក្តាន់មានទម្ងន់ប្រហែល ៤០គីឡូក្រាម ត្រូវបានឆ្កែអ្នកភូមិដេញតាម បណ្ដាលឲ្យវារត់ឡើងលើផ្លូវជាតិ និងចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ មុននឹងជាប់នៅក្នុងរបងលួស។

បន្ទាប់ពីទទួលបានព័ត៌មាន មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តក្រចេះ សហការជាមួយអង្គការ WWF និងអាជ្ញាធរមូលដ្ឋាន បានចុះចាប់ និងយកសត្វនោះទៅកន្លែងសុវត្ថិភាព។ ការពិនិត្យបង្ហាញថា វាមានរបួសខ្លះៗ បណ្ដាលមកពីការរត់គេចក្នុងស្ថានភាពភ័យខ្លាច។

សត្វក្តាន់ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃរបស់អង្គការ Cambodia Wildlife Care (CWC) នៅរាជធានីភ្នំពេញ ដើម្បីព្យាបាល។ បន្ទាប់ពីជាសះស្បើយ វានឹងត្រូវដោះលែងត្រឡប់ទៅធម្មជាតិវិញ។

គួរបញ្ជាក់ថា សត្វក្តាន់ជាប្រភេទសត្វស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN និងមានវត្តមានតិចតួចនៅកម្ពុជា ប្រហែលត្រឹម ១០០ក្បាលប៉ុណ្ណោះ។ អាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារ និងជូនដំណឹងភ្លាមៗ ប្រសិនបើប្រទះឃើញសត្វព្រៃ ដើម្បីធានាសុវត្ថិភាពទាំងមនុស្ស និងសត្វ៕

អត្ថបទ៖ ចតុម្មុខ

Share.