ត្បូងឃ្មុំ៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា បានដឹកនាំគណៈប្រតិភូតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ អញ្ជើញចុះទស្សនកិច្ចសិក្សាពីសកម្មភាពវិនិយោគលើកសិដ្ឋានដាំចេក របស់ក្រុមហ៊ុន Jia Zhi Xin Agriculture Technology Development Co., Ltd. នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។


ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម វង សូត បានគូសបញ្ជាក់ថា ការវិនិយោគក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។




បច្ចុប្បន្ន កសិដ្ឋានចេករបស់ក្រុមហ៊ុន មានផ្ទៃដីដាំដុះប្រមាណ២០០ហិកតា និងផ្តល់ការងារជូនកម្មករ-បុគ្គលិកចំនួន៤៥០នាក់ លើការថែទាំ ប្រមូលផល និងវេចខ្ចប់ផលិតផលតាមស្តង់ដារអនាម័យសម្រាប់នាំចេញ។





ផលិតផលចេកអំបូងលឿងរបស់ក្រុមហ៊ុន ត្រូវបាននាំចេញទៅទីផ្សារប្រទេសចិន ប្រមាណ២០ទូកុងតឺន័រក្នុងមួយខែ ស្មើនឹងជាង៤០០តោន។ក្នុងឱកាសនោះដែរ ឯកឧត្តម វង សូត និងគណៈប្រតិភូ ក៏បានអញ្ជើញពិនិត្យដោយផ្ទាល់លើសង្វាក់ផលិតកម្ម និងបានសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កម្មករ និងបុគ្គលិកបច្ចេកទេសដែលកំពុងបម្រើការងារនៅក្នុងកសិដ្ឋានផងដែរ៕













អត្ថបទ÷អាចារ្យលាក់
