កណ្ដាល៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តផាស់អាប់ និងម៉ូតូ បណ្ដាលឲ្យមនុស្ស២នាក់រងរបួស ក្នុងនោះស្ត្រីម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ១៩:០២នាទី លើផ្លូវបេតុង ក្នុងភូមិចំការត្រាច ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

តាមរបាយការណ៍ ស្ត្រី២នាក់ជិះម៉ូតូម៉ាក Honda Dream C125 មិនពាក់មួកសុវត្ថិភាព បានបើកបរចេញពីបូរី និងបត់ឆ្វេងឆ្លងផ្លូវ។ នៅពេលនោះ មានរថយន្តផាស់អាប់មួយគ្រឿងម៉ាក BAJAJ RE បើកបរមកក្នុងទិសផ្ទុយ បានបុកចំ បណ្ដាលឲ្យអ្នករួមដំណើរម្នាក់រងរបួសធ្ងន់ ខណៈអ្នកបើកម៉ូតូរងរបួសស្រាល។

បន្ទាប់ពីកើតហេតុ អ្នកបើកបរផាស់អាប់មិនបានឈប់នៅកន្លែងទេ ប៉ុន្តែបានបើករត់គេច ប្រហែល២គីឡូម៉ែត្រ មុននឹងត្រូវប្រជាពលរដ្ឋជួយឃាត់ និងប្រគល់ជូនសមត្ថកិច្ច។

ការត្រួតពិនិត្យបង្ហាញថា អ្នកបើកបរផាស់អាប់ គ្មានប័ណ្ណបើកបរ និងមានជាតិអាល់កុលក្នុងខ្លួនលើសកម្រិតកំណត់។ សមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

សមត្ថកិច្ចបានសន្និដ្ឋានថា គ្រោះថ្នាក់នេះបណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្នពីភាគីទាំងសងខាង ខណៈអ្នកបើកម៉ូតូបត់ឆ្លងផ្លូវមិនបានមើលឲ្យបានច្បាស់លាស់ និងអ្នកបើកផាស់អាប់បើកល្បឿនលឿន ក្នុងស្ថានភាពស្រវឹង៕

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.