ដោយមានបទបញ្ជាពីលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ កម្លាំងអធិការដ្ឋាននគរបាលស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសួស និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រំ ធ្វើលិខិតកោះហៅក្មេងទំនើងចំនួន ១០ នាក់ ដែលបានបង្កអុកឡុក រករឿង និងវាយគ្នានៅក្នុងទីធ្លាសាលាវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ មកធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង ១០ នាក់ បានឆ្លើយសារភាពថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ខណៈពេលពួកខ្លួនបានមករៀននៅវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ បានកើតមានការទាស់ទែងគ្នានឹងសំដីទៅវិញទៅមក បន្ទាប់មកបានបង្កជាអុកឡុក រករឿង និងវាយគ្នានៅក្នុងទីធ្លាវិទ្យាល័យ ដោយពួកគេបានសារភាពថា ហេតុការណ៍នេះបានកើតឡើងពិតប្រាកដមែន។
ក្រោយពីសួរនាំរួច ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តស្វាយរៀង និងឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង សមត្ថកិច្ចបានសម្រេចធ្វើកិច្ចសន្យាអប់រំដល់ក្មេងទំនើងទាំង ១០ នាក់។ ក្រោយពីក្មេងទំនើងទាំងនោះបានចុះហត្ថលេខាក្នុងកិច្ចសន្យាអប់រំរួច សមត្ថកិច្ចបានប្រគល់ពួកគេជូនទៅអាណាព្យាបាល ដោយឱ្យធ្វើលិខិតធានាយកទៅផ្ទះវិញ ដើម្បីបន្តអប់រំទប់ស្កាត់កុំឱ្យប្រព្រឹត្តសកម្មភាពខុសច្បាប់បន្តទៀត។


ចំណែកឯម៉ូតូចំនួន ៣ គ្រឿង ដែលជាយានយន្តរបស់ក្រុមក្មេងទំនើងទាំងនេះ ត្រូវបានសមត្ថកិច្ចរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ក្នុងរយៈពេល ៣ ខែ ជាវិធានការអប់រំ និងបង្រ្កាបបន្ថែមដើម្បីការពារកុំឱ្យក្មេងទំនើងទាំងនេះប្រើប្រាស់យានយន្តប្រព្រឹត្តបទល្មើសបន្តទៀត។
គួរបញ្ជាក់ផងដែរថា ការចាត់វិធានការនេះគឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ដោយផ្តោតលើការផ្តន្ទាទោសតាមផ្លូវច្បាប់ ប៉ុន្តែក៏មិនភ្លេចផ្តល់ឱកាសអប់រំ និងកែប្រែដល់យុវជនដែលប្រព្រឹត្តកំហុស ដើម្បីឱ្យពួកគេក្លាយជាពលរដ្ឋល្អនាពេលអនាគត៕

