តាមអគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីអត្ថិភាពនៃទីតាំងសង្ស័យដែលទទួលបញ្ចាំដោយខុសច្បាប់ មិនទទួលយកឯកសារ និងទទួលទំនិញដែលបានមកពីអំពើចោរកម្ម កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យជាបន្ទាន់ ដោយផ្អាកអាជីវកម្មហាងមួយកន្លែងនៅក្នុងតំបន់ផ្សារឃ្លាំងរំសេវ។

ប្រតិបត្តការចុះពិនិត្យនេះធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក រួមសហការជាមួយអាជ្ញាធរខណ្ឌ បានចុះត្រួតពិនិត្យទីតាំងទិញ-លក់ម៉ូតូមួយចំនួន ដោយផ្តោតសំខាន់លើទីតាំងដែលមានការសង្ស័យពីបទល្មើសបញ្ចាំខុសច្បាប់។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានចុះពិនិត្យទីតាំងសង្ស័យមួយកន្លែង ស្ថិតនៅផ្ទះលេខ ៥០B ផ្លូវលេខ ១៩២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក (តំបន់ផ្សារឃ្លាំងរំសេវ)។ លទ្ធផលនៃការត្រួតពិនិត្យបានរកឃើញថា លិខិតអនុញ្ញាតបើកអាជីវកម្មរបស់ទីតាំងនេះបានផុតសុពលភាពហើយ។

ដោយមូលហេតុនេះ សមត្ថកិច្ចបានសម្រេចផ្អាកអាជីវកម្មជាបណ្តោះអាសន្ន រហូតដល់ម្ចាស់ហាងអាចបំពេញនីតិវិធីសុំច្បាប់អនុញ្ញាតបើកអាជីវកម្មឱ្យបានត្រឹមត្រូវតាមច្បាប់ ទើបអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។

ដោយឡែក ចំពោះម៉ូតូដែលដាក់តាំងលក់នៅក្នុងហាងនោះ សមត្ថកិច្ចបានពិនិត្យឃើញថា ម៉ូតូទាំងនោះមានប័ណ្ណសម្គាល់យានយន្តត្រឹមត្រូវ ស្របតាមច្បាប់។

ក្នុងឱកាសនោះដែរ សមត្ថកិច្ចក៏បានណែនាំ និងអប់រំដល់ម្ចាស់ទីតាំងអំពីកាតព្វកិច្ចដូចជា ត្រូវមានច្បាប់អនុញ្ញាតបើកអាជីវកម្មឱ្យបានត្រឹមត្រូវ និងទាន់សុពលភាពជានិច្ច ហាមមិនឱ្យទទួលបញ្ចាំដោយមិនយកឯកសារពាក់ព័ន្ធច្បាស់លាស់ និងហាមមិនឱ្យទទួលបញ្ចាំមិនត្រឹមត្រូវតាមច្បាប់។

សមត្ថកិច្ចបានបញ្ជាក់ថា ការទទួលបញ្ចាំដោយគ្មានឯកសារត្រឹមត្រូវ គឺជាប្រភពដ៏សំខាន់មួយដែលនាំឱ្យកើតមានអំពើចោរកម្ម លួច ឆក់ ប្លន់នៅក្នុងសង្គម។ ដូច្នេះហើយ ម្ចាស់អាជីវកម្មទាំងអស់ត្រូវតែមានទំនួលខុសត្រូវខ្ពស់ក្នុងការទទួលបញ្ចាំ ដើម្បីចូលរួមទប់ស្កាត់បទល្មើសទាំងនេះ។

សមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានព័ត៌មានអំពីទីតាំងទទួលបញ្ចាំខុសច្បាប់ សូមជួយផ្តល់ព័ត៌មានមកកាន់អាជ្ញាធរ ដើម្បីរួមគ្នាបង្ក្រាបបទល្មើសនេះឱ្យបានផុតពីសង្គមជាតិ៕

Share.