រាជធានីភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាល​ទេសចរណ៍ បានអញ្ជើញដឹកនាំក្រុមប្រចាំបញ្ជាវេនទី១ ដើម្បីតាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយធ្វើការប្រជុំនៅនាយកដ្ឋានអង្គរក្ស។

ក្រុមប្រចាំបញ្ជាវេនទី១នេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូប រួមមាន៖ អនុប្រធានសេនាធិការដ្ឋាន អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលសណ្តាប់ធ្នាប់សាធារណៈ ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អនុប្រធានអង្គភាពតម្រួតបទបញ្ជា អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាយការិយាល័យនគរបាលអន្តរជាតិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

គួរបញ្ជាក់ផងដែរថា វេនប្រចាំបញ្ជានេះគឺជាសញ្ញាបង្ហាញអំពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការរក្សាសុវត្ថិភាព និងស្ថិរភាព នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេសក្នុងកាលៈទេសៈដែលទាមទារនូវការប្រុងប្រយ័ត្នខ្ពស់។

ដោយឡែកតាមការបញ្ជាក់ពីអ្នកនាំពាក្យរាជរដ្ឋាភិបាលនាពេលថ្មីៗនេះ ក៏ជម្រាបជូនជាថ្មីអំពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដូចតទៅ៖

ក្នុងស្មារតីស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗទៀតដែលបានឯកភាពគ្នា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការ JBC ដើម្បីធានាដំណោះស្រាយត្រឹមត្រូវ យុត្តិធម៌ និងធានាសន្តិភាពយូរអង្វែងតាមព្រំដែនរវាងប្រទេសទាំងពីរ។

កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ រាជរដ្ឋាភិបាលបានសម្រេចប្រើប្រាស់យន្តការផ្សះផ្សារដោយចាប់បង្ខំ ( Compulsory Conciliation) ដែលស្ថិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃបានសម្រេចលុបចោលនូវអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ ឬហៅថា MOU 2001។ ជំហរនេះក៏បានទទួលការគាំទ្រពេញទំហឹងពីស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ គឺព្រឹទ្ធសភានិងរដ្ឋសភា។ ដូច្នេះ ការគាំទ្រពីសំណាក់គណបក្សសម្ព័ន្ធភាពទាំង ២៨ លើដំណោះស្រាយបញ្ហាព្រំដែន បញ្ជាក់កាន់តែច្បាស់អំពីកម្លាំងមហាសាមគ្គី ឯកភាពជាតិខ្មែរដ៏រឹងមាំ ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៕

Share.