បាងកក៖ ព្រះបរមរាជវាំងថៃបានប្រកាសនាថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា នេះថា ស្ថានភាពព្រះរាជសុខភាពរបស់ព្រះអង្គម្ចាស់ក្សត្រីថៃ ដែលបានយាងសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាង ៣ឆ្នាំមកហើយនោះ បានប្រែប្រួលដុនដាបខ្លាំងគួរឱ្យព្រួយបារម្ភ។

ព្រះអង្គម្ចាស់ក្សត្រី Bajrakitiyabha Mahidol ដែលជាព្រះរាជបុត្រីច្បងរបស់ព្រះមហាក្សត្រថៃ បានដួលសន្លប់ និងប្រឈមនឹងព្រះរាជអាពាធភ្លាមៗ អំឡុងពេលចូលរួមក្នុងវគ្គហ្វឹកហ្វឺនសត្វសុនខយោធា កាលពីខែធ្នូ ឆ្នាំ២០២២ ហើយបានបន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចាប់តាំងពីពេលនោះមក។

យោងតាមការបញ្ជាក់ពីព្រះបរមរាជវាំងកាលពីពេលមុន ព្រះនាងបានរងការឆ្លងមេរោគយ៉ាងធ្ងន់ធ្ងរនៅក្នុងព្រះលោហិត ហើយមុខងារសួត និងតម្រងនោមរបស់ព្រះ​នាង ត្រូវជួយទ្រទ្រង់ដោយឧបករណ៍វេជ្ជសាស្ត្រ និងឱសថជាបន្តបន្ទាប់។

ទោះជាយ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានកិច្ចការព្រះបរមរាជវាំង បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះថា ព្រះអង្គម្ចាស់ក្សត្រីបានកើតមានការឆ្លងមេរោគនៅក្នុងព្រះឧទរ (ពោះ) ដែលបណ្តាលមកពីការរលាកពោះវៀនធំ ហើយព្រះអង្គកំពុងជួបប្រទះនូវ «សញ្ញាជីវិតមិនស្ថិតស្ថេរ សម្ពាធឈាមចុះទាប ចង្វាក់បេះដូងលោតមិនស្មើគ្នា និងការកកឈាមមិនប្រក្រតី»។

ព្រះបរមរាជវាំងបានបន្ថែមថា ព្រះនាង ប៉ាជ្រាគិតិយាផា នៅតែត្រូវពឹងផ្អែកទាំងស្រុងលើឧបករណ៍វេជ្ជសាស្ត្រ ដើម្បីជួយទ្រទ្រង់មុខងារសួត និងតម្រងនោម រួមទាំងការប្រើប្រាស់ឱសថជំនួយផងដែរ។ សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា៖ «ស្ថានភាពព្រះរាជសុខភាពរបស់ព្រះអង្គ បានបន្តដុនដាបខ្លាំង ដោយសារការឆ្លងមេរោគនោះមិនអាចគ្រប់គ្រងបាន និងបានរាលដាលដល់សរីរាង្គផ្សេងៗទៀត»។

គួររំលឹកផងដែរថា ព្រះអង្គម្ចាស់ក្សត្រី ប៉ាជ្រាគិតិយាផា ដែលទទួលបានការអប់រំនៅប្រទេសអង់គ្លេស សហរដ្ឋអាមេរិក និងប្រទេសថៃ ធ្លាប់បានកាន់តំណែងសំខាន់ៗជាច្រើននៅក្នុងអង្គការសហប្រជាជាតិ (UN) ហើយព្រះអង្គតែងតែធ្វើការយុទ្ធនាការយ៉ាងសកម្ម ដើម្បីទាមទារឱ្យមានការប្រព្រឹត្តកាន់តែប្រសើរឡើងចំពោះស្ត្រីនៅក្នុងពន្ធនាគារ។

ព្រះអង្គម្ចាស់ក្សត្រី ដែលប្រជាជនថៃទូទៅស្គាល់ថាជា «ព្រះនាង ផា» មានព្រះជន្ម ៤៧វស្សា និងជាព្រះរាជបុត្រីតែមួយគត់ដែលប្រសូតចេញពីចំណងអាពាហ៍ពិពាហ៍ដំបូងរបស់ព្រះមហាក្សត្រ Maha Vajiralongkorn។ ព្រះអង្គម្ចាសក្សត្រី ត្រូវបានគេមើលឃើញថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយព្រះរាជបិតា ហើយត្រូវបានតែងតាំងជាមន្ត្រីជាន់ខ្ពស់នៅក្នុងកងបញ្ជាការការពារព្រះអង្គក្នុងរយៈពេល១ឆ្នាំ មុនពេលព្រះអង្គយាងចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

គិតមកទល់ពេលនេះ ព្រះមហាក្សត្រថៃ ដែលមានព្រះជន្ម ៧៣វស្សា និងមានព្រះរាជបុត្រចំនួន ៧អង្គ ពីអាពាហ៍ពិពាហ៍ចំនួន ៤លើក បច្ចុប្បន្នមិនទាន់បានប្រកាសជាផ្លូវការនូវព្រះរជ្ជទាយាទណាមួយនៅឡើយទេ ទោះបីជាច្បាប់នៃការបន្តរាជសម្បត្តិរបស់ថៃផ្តល់អាទិភាពដល់បុត្រាក៏ដោយ៕

ប្រភព៖ CNA

Share.