ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនបរទេសខុសច្បាប់សរុប ៣,៥៩៨នាក់ ស្រី២៦១នាក់ មាន៣៨សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។




ក្នុងចំណោមនោះ មានជនជាតិចិន ១,៧៩៤នាក់ និងជនជាតិវៀតណាម ១២៧នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមច្រកអាកាស និងច្រកព្រំដែនអន្តរជាតិ។ក្រៅពីបទល្មើសឆបោកអនឡាញ ជនបរទេសមួយចំនួនទៀត ក៏ពាក់ព័ន្ធនឹងការលួចឆ្លងដែន បន្លំឯកសារ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ស្នាក់នៅខុសច្បាប់ ចាប់ជំរិតទារប្រាក់ ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ។




ការបណ្ដេញចេញនេះ ធ្វើឡើងក្រោមការដឹកនាំ និងអនុវត្តវិធានការតឹងរ៉ឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅបង្ក្រាប និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពសង្គម។







