ភ្នំពេញ៖ អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាស ស្តីពីការបិទរដូវនេសាទក្នុងដែនទឹកសាប សម្រាប់ឆ្នាំ២០២៦ ដើម្បីអភិរក្ស និងបង្កើនធនធានជលផលធម្មជាតិឱ្យមានភាពសម្បូរបែបបន្តទៅមុខ។

តាមសេចក្តីប្រកាស ការបិទរដូវនេសាទ ចែកចេញជា២ដំណាក់កាល ដោយដំណាក់កាលទី១ អនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅតំបន់ជុំវិញបឹងទន្លេសាប និងបណ្តាខេត្តមួយចំនួន រួមមាន កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម ព្រមទាំងផ្នែកខ្លះនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ដោយឡែក ដំណាក់កាលទី២ អនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងតំបន់មួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុម្មុខ។

អគ្គនាយកដ្ឋានជលផល បានបញ្ជាក់ថា ក្នុងអំឡុងពេលបិទរដូវនេសាទ ប្រជានេសាទអាចប្រើបានតែឧបករណ៍នេសាទខ្នាតតូច ដែលស្របតាមច្បាប់ជលផលតែប៉ុណ្ណោះ ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកនេសាទទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាការពារ និងថែរក្សាធនធានជលផលឱ្យគង់វង្សសម្រាប់ថ្ងៃអនាគត៕

Share.