ណារ៉ាធីវ៉ាត់៖ ស្ថានការណ៍សន្តិសុខនៅតំបន់ភាគខាងត្បូងប្រទេសថៃ នៅតែបន្តស្ថិតក្នុងភាពភ័យខ្លាច និងរងការរិះគន់យ៉ាងខ្លាំងពីមហាជន ជុំវិញសុវត្ថិភាពរបស់ប្រជាពលរដ្ឋស្លូតត្រង់ បន្ទាប់ពីមានហេតុការណ៍លបបាញ់ប្រហារយ៉ាងគឃ្លើនមួយ បានបណ្តាលឱ្យទាហានថៃម្នាក់ និងកុមារីស្លូតត្រង់អាយុ ៧ឆ្នាំម្នាក់ទៀត រងរបួសត្រូវគ្រាប់កាំភ្លើង កាលពីយប់ថ្ងៃទី ២០ ខែឧសភា ម្សិលមិញនេះ។

យោងតាមរបាយការណ៍ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៧យប់ នៅក្នុងឃុំ សាវ៉ូ (Sawo) នៅពេលដែលក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បានបើកការវាយប្រហារបាញ់ស្រោចទៅលើឈ្មោះ មូហាំម៉ាត់-អាមូឌី វ៉ែសូហោះ (Muhammad-Ammudi Waesohoh) អាយុ ២៩ឆ្នាំ ដែលជាទាហានមកពីវរសេនាតូចថ្មើរជើងលេខ ៣ នៃកងវរសេនាធំថ្មើរជើងលេខ ១៥២ ឈរជើងនៅបន្ទាយសិរិន្ធរ (Sirindhorn) ក្នុងខេត្តប៉ាតានី។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ លោក មូហាំម៉ាត់-អាមូឌី ទើបតែបានធ្វើដំណើរត្រឡប់មកពីបន្ទាយយោធា ដើម្បីមកសួរសុខទុក្ខក្រុមគ្រួសារនៅផ្ទះ ប៉ុន្តែត្រូវក្រុមខ្មាន់កាំភ្លើងលបបាញ់ប្រហារតែម្តង។ គ្រាប់កាំភ្លើងបានបុកចំទ្រូងធ្លាយទៅក្រោយខ្នង បណ្តាលឱ្យលោកយោធារូបនេះរងរបួសជាទម្ងន់។

អ្វីដែលគួរឱ្យខ្លោចចិត្ត និងបង្កើតជាការខឹងសម្បារនោះគឺ គ្រាប់កាំភ្លើងបានផ្លាតទៅត្រូវកុមារីអាយុ ៧ឆ្នាំម្នាក់ ឈ្មោះ នូរហ្វៀរដូស (Nurfirdaus) ចំជើងឆ្វេងរបស់នាង។ រូបភាពដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមផ្លូវការរបស់យោធា បានបង្ហាញឱ្យឃើញកុមារីខាងលើ រងគ្រោះដេកនៅលើគ្រែមន្ទីរពេទ្យជាមួយនឹងរបួសត្រង់ជើង ប៉ុន្តែនាងនៅមានស្មារតីដឹងខ្លួននៅឡើយ ទោះបីជាត្រូវរងការតក់ស្លុតជាខ្លាំងពីការវាយប្រហារដ៏សាហាវនេះក៏ដោយ។

ភ្លាមៗនោះ ក្រុមជួយសង្គ្រោះបានដឹកបញ្ជូនជនរងគ្រោះទាំង២ ទៅកាន់មន្ទីរពេទ្យ រឿសូ (Rueso Hospital) មុនពេលដែលលោកគ្រូពេទ្យសម្រេចចិត្តបញ្ជូនបន្តលោកទាហានទៅកាន់មន្ទីរពេទ្យខេត្តណារ៉ាធីវ៉ាត់ ដើម្បីសង្គ្រោះបន្ទាន់។ គិតមកទល់ពេលនេះ អាជ្ញាធរមិនទាន់បានធ្វើបច្ចុប្បន្នភាពពីស្ថានភាពចុងក្រោយរបស់ជនរងគ្រោះទាំងពីរនៅឡើយទេ។

ក្រោយកើតហេតុ កម្លាំងសន្តិសុខ នគរបាល និងអាជ្ញាធរមូលដ្ឋាន បានចុះទៅឡោមព័ទ្ធកន្លែងកើតហេតុ និងបង្កើនវិធានការសន្តិសុខយ៉ាងតឹងរ៉ឹងដើម្បីបង្ការអំពើហិង្សាដែលអាចកើតឡើងបន្ថែមទៀត។ អាជ្ញាធរថៃបានចេញមុខថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារដែលប៉ះពាល់ដល់ប្រជាពលរដ្ឋស្លូតត្រង់ ជាពិសេសគឺកុមារតូចៗ ហើយបានអះអាងថា ក្រុមស៊ើបអង្កេតកំពុងប្រមូលភស្តុតាងដើម្បីវែកមុខរកអ្នកទទួលខុសត្រូវ។

ទោះជាយ៉ាងណា សាធារណជនបានផ្ទុះការរិះគន់យ៉ាងខ្លាំងទៅលើប្រសិទ្ធភាពនៃការគ្រប់គ្រងសន្តិសុខរបស់រដ្ឋាភិបាលថៃ នៅតំបន់ភាគខាងត្បូង ដែលបញ្ហានេះបានអូសបន្លាយជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែអាជ្ញាធរនៅតែមិនអាចធានាសុវត្ថិភាពជូនប្រជាជនបាន ដ្បិតអីកុមារតូចៗតែងតែត្រូវរងគ្រោះ និងរងរបួសជាញឹកញាប់ពីសំណាក់ក្រុមឧទ្ទាមទាំងនោះ។

គួររំលឹកផងដែរថា ករណីស្រដៀងគ្នានេះក៏ធ្លាប់បានកើតឡើងនៅក្នុងខេត្តណារ៉ាធីវ៉ាត់កាលពីខែមេសា ឆ្នាំមុនផងដែរ ដោយកាលនោះមានការវាយប្រហារមួយនៅជិតប៉ុស្តិ៍នគរបាល បណ្តាលឱ្យមនុស្ស ១០នាក់រងរបួស ហើយអ្វីដែលគួរឱ្យហួសចិត្តគឺក្នុងចំណោមជនរងគ្រោះ មានកុមារអាយុចន្លោះពី ៧ ទៅ ១៥ឆ្នាំ រហូតដល់ទៅ ៨នាក់។ នៅថ្ងៃដដែលនោះ ក៏មានការបាញ់ប្រហារមួយទៀតទៅលើក្រុមពលរដ្ឋដែលកំពុងញ៉ាំអាហារជុំគ្នានៅខាងក្រៅផ្ទះ បណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួសផងដែរ។

យ៉ាងណាម៉ិញ អាជ្ញាធរថៃបានសន្និដ្ឋានថា ហេតុការណ៍ហិង្សាទាំងអស់នេះ គឺសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងសកម្មភាពក្រុមឧទ្ទាមទាមទារបំបែករដ្ឋ ដែលកំពុងបន្តធ្វើសកម្មភាពយ៉ាងកាចសាហាវនៅតំបន់ភាគខាងត្បូងប្រទេសថៃ ដោយមិនញញើតនឹងច្បាប់ទាល់តែសោះ៕

ប្រភព៖ The Thaiger

Share.