ភ្នំពេញ៖ បន្ទាប់ពីមានការផ្សព្វផ្សាយលើបណ្តាញសង្គម អំពីទីតាំងសង្ស័យទទួលបញ្ចាំដោយមិនយកឯកសារត្រឹមត្រូវ និងអាចពាក់ព័ន្ធនឹងទទួលផលចោរកម្ម នៅតំបន់ជិតផ្សារឃ្លាំងរំសេវ អាជ្ញាធរបានចុះត្រួតពិនិត្យភ្លាមៗ។
អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយអាជ្ញាធរខណ្ឌ បានចុះពិនិត្យទីតាំងទិញ-លក់ម៉ូតូជាច្រើនកន្លែង។


ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានរកឃើញទីតាំងសង្ស័យបញ្ចាំខុសច្បាប់មួយកន្លែង ស្ថិតនៅផ្ទះលេខ ៥០B ផ្លូវលេខ ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដែលមានលិខិតអនុញ្ញាតអាជីវកម្មផុតសុពលភាព។ ដោយហេតុនេះ អាជ្ញាធរបានសម្រេចផ្អាកអាជីវកម្មជាបណ្តោះអាសន្ន រហូតដល់ម្ចាស់ទីតាំងបំពេញលក្ខខណ្ឌច្បាប់បានត្រឹមត្រូវ។
ចំពោះម៉ូតូដែលដាក់តាំងលក់ក្នុងហាង សមត្ថកិច្ចបានពិនិត្យឃើញថាមានឯកសារសម្គាល់យានយន្តត្រឹមត្រូវ។
ជាមួយគ្នានេះ អាជ្ញាធរបានធ្វើការណែនាំម្ចាស់អាជីវកម្មឱ្យគោរពច្បាប់ ត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងហាមឃាត់ការទទួលបញ្ចាំដោយគ្មានឯកសារពាក់ព័ន្ធច្បាស់លាស់ ដើម្បីជៀសវាងការជាប់ពាក់ព័ន្ធនឹងអំពើល្មើស ដូចជា លួច ឆក់ និងប្លន់៕
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

