កណ្ដាល៖ កម្លាំងនគរបាលស្រុកកៀនស្វាយ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង និងយូគី) មួយកន្លែង ស្ថិតនៅក្នុងរោងចក្រសួនឧស្សាហកម្មសំរោងធំ ភូមិព្រែកត្រែង២ ឃុំសំរោងធំ កាលពីវេលាម៉ោង ២០:៣៥ នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ។ នៅទីតាំងកើតហេតុ សមត្ថកិច្ចបានប្រទះឃើញការលេងល្បែងអាប៉ោង និងយូគី (សត្វទាំង១២) ចំនួន ២វង់ មានអ្នកចូលរួមប្រហែល ២០នាក់។ ដោយសារតែផ្លូវចូលពិបាក សមត្ថកិច្ចអាចឃាត់ខ្លួនបានមេល្បែង ១នាក់ និងអ្នកលេង ២នាក់ ខណៈមនុស្សមួយចំនួនបានគេចខ្លួន។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន រួមមាន៖

  • ស្ត្រីម្នាក់ អាយុ ៤៧ឆ្នាំ (មេល្បែង)
  • បុរស ២នាក់ អាយុ ២៨ឆ្នាំ និង ៣៧ឆ្នាំ (អ្នកលេងល្បែង)
  • ចំណែកបុរសម្នាក់ទៀត ដែលជាមេល្បែង បានគេចខ្លួន។

ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើន រួមមាន ទូរសព្ទ ៣គ្រឿង ប្រាក់រៀល ៤៥ម៉ឺនរៀល សម្ភារៈអាប៉ោង កម្រាលល្បែង ឆ្នោតយូគី និងសម្ភារៈពាក់ព័ន្ធផ្សេងៗទៀត។

នៅចំពោះមុខសមត្ថកិច្ច មេល្បែងបានសារភាពថា បានរៀបចំលេងល្បែងនេះចំនួន ២លើក ក្នុងខែឧសភា ឆ្នាំ២០២៦ ដោយចាក់ស៊ីសងពី ៥០០រៀល ដល់ ១,០០០រៀលក្នុងមួយដង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធីច្បាប់ ខណៈសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនពាក់ព័ន្ធដែលនៅសល់៕

អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

Share.