កណ្តាល៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពុកឬស្សី បានចុះល្បាត និងបង្ក្រាបករណីជួញដូរ និងរក្សាទុកសារធាតុញៀនខុសច្បាប់ (ម៉ាទឹកកក) នៅភូមិពុកឬស្សីក្រោម ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីវេលាម៉ោង ១៤:១០ នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។



ក្នុងប្រតិបត្តិការ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ អាយុ ៣៨ឆ្នាំ មានមុខរបរកសិករ និងរស់នៅក្នុងភូមិឃុំខាងលើ។ ក្រោយការធ្វើតេស្តទឹកនោម បានបង្ហាញលទ្ធផលវិជ្ជមានសារធាតុញៀន។
សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន ១០កញ្ចប់ (មធ្យម ១ និងតូច ៩) ទម្ងន់សរុបប្រហែល ០.៩៩ក្រាម ព្រមទាំងទូរសព្ទដៃ ១គ្រឿង សម្ភារៈវេចខ្ចប់ និងវត្ថុពាក់ព័ន្ធផ្សេងៗ។
តាមការសារភាព ជនសង្ស័យបានទិញថ្នាំញៀនពីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ នៅតំបន់វត្តពុកឬស្សី ក្នុងតម្លៃ ៦០,០០០រៀល ហើយយកមកចែកចាយជាកញ្ចប់តូចៗ សម្រាប់លក់បន្តក្នុងតម្លៃពី ១០,០០០រៀល ដល់ ២០,០០០រៀលក្នុងមួយកញ្ចប់។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

