ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន ១៩នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសចំនួន ៧ករណីផ្សេងគ្នា បន្ទាប់ពីកម្លាំងជំនាញបានបង្ក្រាបក្នុងអំឡុងថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំពីថ្នាក់ដឹកនាំនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។



ក្នុងចំណោមករណីទាំង ៧ មានបទល្មើសឧក្រិដ្ឋ ៣ករណី ឃាត់ខ្លួនជនសង្ស័យ ៨នាក់ (រួមមានជនជាតិចិន ១នាក់) និងបទល្មើសមជ្ឈឹម ៤ករណី ឃាត់ខ្លួនជនសង្ស័យ ១១នាក់។ ក្នុងនោះផងដែរ មានជនសង្ស័យចំនួន ១០នាក់ ត្រូវបានរកឃើញថាមានពាក់ព័ន្ធនឹងសារធាតុញៀន។
ប្រតិបត្តិការបង្ក្រាបនេះ មានការសហការរវាងកម្លាំងជំនាញនគរបាលពីខណ្ឌសែនសុខ ខណ្ឌច្បារអំពៅ ខណ្ឌទួលគោក ខណ្ឌដង្កោ និងនគរបាលខេត្តតាកែវ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕
អត្ថបទ៖ ចតុម្មុខ

