ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តម៉ាក Kia ប៉ះរថយន្ត និងម៉ូតូកង់បីឥណ្ឌា នៅខណ្ឌដូនពេញ កាលពីវេលាម៉ោង ២១:២០ នាទីយប់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវព្រះនរោត្តម ប្រសព្វផ្លូវលេខ ១១៤ សង្កាត់ផ្សារថ្មីទី៣។
តាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាក Kia ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2CE-3679 បើកបរតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីជើងទៅត្បូង បានប៉ះកៀររថយន្តម៉ាក Ford ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យខូចខាតស្រាល មុននឹងបន្តបុកម៉ូតូកង់បីម៉ាក BAJA មួយគ្រឿង បង្កការខូចខាតស្រាលដូចគ្នា។




បន្ទាប់ពីកើតហេតុ អ្នកបើករថយន្ត Kia បានព្យាយាមបើកគេចរហូតដល់ចំណុចស្ពានហង្ស កោះពេជ្រ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកត្រួតពិនិត្យជាតិស្រវឹង។ ជាលទ្ធផលរកឃើញកម្រិតអាល់កុល ១.៤៣ mg/L ដែលលើសកម្រិតអនុញ្ញាត។
សំណាងល្អ ហេតុការណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួសឡើយ ហើយភាគីពាក់ព័ន្ធបានសម្របសម្រួលបញ្ចប់បញ្ហានៅកន្លែងកើតហេតុ។ បច្ចុប្បន្ន អ្នកបើកបររថយន្តបង្ក ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ចតុម្មុខ

