ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពប្រើដៃទះក្បាលយកទូរស័ព្ទពីជនរងគ្រោះ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០០ និង៣០នាទី នៅតំបន់ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់រួមមាន៖

  • ឌិក ថារិទ្ធ អាយុ ៤១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅខណ្ឌសែនសុខ (មានសារធាតុញៀន)
  • ចៅ សុខហេង (ម៉ាប់) អាយុ ៣០ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅខណ្ឌសែនសុខ (មានសារធាតុញៀន)

ជនទាំងពីរបានធ្វើសកម្មភាពទះក្បាលយកទូរស័ព្ទដៃម៉ាកសាំសុង ១គ្រឿង ពីជនរងគ្រោះឈ្មោះ អ៊ែល ម៉េងទ្រី អាយុ ២៣ឆ្នាំ មុខរបរជាងភ្លើង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ខណៈទូរស័ព្ទដែលបានដកហូត ត្រូវបានប្រគល់ជូនម្ចាស់វិញរួចរាល់៕

អត្ថបទ៖ ចតុម្មុខ

Share.