អ្នកស្រុកមួយក្រុម បានដុតកម្ទេច និងបំផ្លិចបំផ្លាញមន្ទីរពេទ្យមួយកន្លែង ដែលជាចំណុចកណ្តាលនៃការឆ្លងរាលដាលនៃជំងឺអេបូឡា នៅតំបន់ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ ការដុតបំផ្លាញនេះបានកើតឡើង បន្ទាប់ពីអាជ្ញាធរបដិសេធមិនអនុញ្ញាតឱ្យក្រុមគ្រួសារ និងមិត្តភក្តិ យកសាកសពយុវជនម្នាក់ដែលបានស្លាប់ដោយសារវីរុសអេបូឡា ទៅធ្វើពិធីបុណ្យសពតាមប្រពៃណី។

លោក លូក ម៉ាលេមបេ ម៉ាលេមបេ (Luke Malembe Malembe) អ្នកនយោបាយក្នុងស្រុកមួយរូបបានថ្លែងថា ប្រជាជនក្នុងតំបន់បានគប់ដុំថ្ម និងដុតបំផ្លាញតង់ដែលប្រើប្រាស់សម្រាប់ជាបន្ទប់ដាច់ដោយឡែក នៅឯមន្ទីរពេទ្យទូទៅ រ្វ៉ាមប៉ារ៉ា (Rwampara General Hospital) ក្បែរទីក្រុងប៊ូនីយ៉ា ក្នុងខេត្តអ៊ីទូរី (Ituri)។ ជុំវិញបញ្ហានេះ កម្លាំងប៉ូលីសក៏បានសម្រេចចិត្តបាញ់កាំភ្លើងឡើងលើ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងបំបែកហ្វូងមនុស្សផងដែរ។

ដោយសារតែសាកសពរបស់អ្នកស្លាប់ដោយសារជំងឺអេបូឡា មានកម្រិតចម្លងរោគខ្ពស់បំផុត ផ្អែកតាមបទប្បញ្ញត្តិច្បាប់ គឺតម្រូវឱ្យអាជ្ញាធរជាអ្នកចាត់ចែងធ្វើពិធីបុណ្យសពប្រកបដោយសុវត្ថិភាព ដើម្បីបង្ការការឆ្លងរាលដាលនៃវីរុសនេះ។ ទោះជាយ៉ាងណាក៏ដោយ លោក ហ្សង់ ក្លូដ មូខេនឌី (Jean Claude Mukendi)អ្នកសម្របសម្រួលកិច្ចការសន្តិសុខឆ្លើយតបនឹងជំងឺអេបូឡានៅខេត្តអ៊ីទូរី បានពន្យល់ថា ហេតុការណ៍នេះបានកើតឡើងដោយសារតែប្រជាជនមានការរំជើបរំជួល និងតក់ស្លុតយ៉ាងខ្លាំងចំពោះការបាត់បង់យុវជនរូបនោះ ដែលជាកីឡាករបាល់ទាត់ក្នុងស្រុកដ៏មានប្រជាប្រិយភាពម្នាក់ ហើយពួកគេមិនទាន់យល់ច្បាស់អំពីភាពធ្ងន់ធ្ងរ និងការពិតនៃជំងឺនេះ។

យ៉ាងណាម្តាយរបស់យុវជនដែលបានស្លាប់បានអះអាងថា កូនប្រុសរបស់គាត់បានស្លាប់ដោយសារជំងឺគ្រុនពោះវៀន (Typhoid fever) មិនមែនជំងឺអេបូឡានោះទេ។ យោងតាមមេដឹកនាំក្នុងស្រុក លោក ម៉ាលេមបេ បានឱ្យដឹងថា ប្រជាជនមួយចំនួននៅតំបន់ដាច់ស្រយាល ថែមទាំងមិនជឿថា មានវីរុសអេបូឡានេះពិតប្រាកដនោះឡើយ។ លោកបានមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋខ្វះព័ត៌មានត្រឹមត្រូវ និងការយល់ដឹងអំពីបញ្ហានេះ។ ប្រជាជនមួយផ្នែកចាត់ទុកជំងឺអេបូឡាគ្រាន់តែជារឿងប្រឌិត ដែលបង្កើតឡើងដោយជនបរទេស ដើម្បីកេងប្រវ័ញ្ចរកប្រាក់តែប៉ុណ្ណោះ ដែលនេះជារឿងគួរឱ្យសោកស្តាយខ្លាំងណាស់»។

តង់ចត្តាឡីស័កចំនួន២ និងសាកសពមួយដែលកំពុងរៀបចំធ្វើពិធីបុណ្យសព ត្រូវបានបំផ្លាញនៅក្នុងភ្នក់ភ្លើងនៅមន្ទីរពេទ្យខាងលើនោះ។ ចំណែកបុគ្គលិកសុខាភិបាលម្នាក់បានរងរបួសដោយសារការគប់ដុំថ្ម ក្នុងកំឡុងពេលវាយប្រហារ ហើយបច្ចុប្បន្ន គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ត្រូវបានដាក់ឱ្យស្ថិតក្រោមការការពារសន្តិសុខពីកងទ័ព ដោយសារតែស្ថានភាពសន្តិសុខមានភាពប្រកាសអាសន្ន។

ពេលអ្នកស្រុកចាប់ផ្ដើមវាយប្រហារមានអ្នកជំងឺអេបូឡាចំនួន ៦នាក់កំពុងសម្រាកព្យាបាលនៅក្នុងតង់ដែលត្រូវបានដុតបំផ្លាញនោះ។ ទោះបីជាមានសេចក្តីរាយការណ៍ដំបូងថា មានអ្នកជំងឺរត់គេចខ្លួនក៏ដោយ ប៉ុន្តែអង្គការមនុស្សធម៌វេជ្ជសាស្ត្រ «ALIMA» ដែលជាអ្នកគ្រប់គ្រងតង់ទាំងនោះ បានបំភ្លឺថា អ្នកជំងឺទាំងអស់មានសុវត្ថិភាព និងកំពុងទទួលបានការព្យាបាលបន្តនៅក្នុងអគារមន្ទីរពេទ្យ។

ដោយសារតែការផ្ទុះឡើងនៃជំងឺរាតត្បាតនេះ ក្រុមបាល់ទាត់ជម្រើសជាតិរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក៏បានលុបចោលការបោះជំរំបង្ហាត់ត្រៀមលក្ខណៈមុនការប្រកួត World Cup ដែលគ្រោងធ្វើឡើងនៅក្នុងទីក្រុងគីនសាសា (Kinshasa) ផងដែរ។ ទោះបីជាអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ការផ្ទុះឡើងនេះជា អាសន្នសុខភាពសាធារណៈដែលគួរឱ្យព្រួយបារម្ភជាអន្តរជាតិក៏ដោយ ក៏អង្គការនេះបានបញ្ជាក់ថា វាមិនទាន់ឈានដល់កម្រិតនៃជំងឺរាតត្បាតសកលនៅឡើយទេ។

យោងតាមទិន្នន័យរបស់អង្គការ WHO ក្នុងចំណោមករណីសង្ស័យចំនួន ៦០០ករណីកន្លងមក មានអ្នកស្លាប់ចំនួន ១៣៩នាក់។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកុងហ្គោ លោក សាមុយអែល រ៉ូហ្សេ កាំបា (Samuel Roger Kamba) បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ចំនួនអ្នកស្លាប់ដែលបានកត់ត្រាផ្លូវការរហូតមកដល់ពេលនេះ មានចំនួន ១៥៩នាក់ហើយ។

វីរុសនេះក៏បានឆ្លងរាលដាលដល់ប្រទេសអ៊ូហ្គង់ដា (Uganda) ដែលជាប្រទេសជិតខាងរបស់កុងហ្គោ។ បន្ទាប់ពីរកឃើញករណីជំងឺអេបូឡាចំនួន ២ករណី នៅក្នុងប្រទេសអ៊ូហ្គង់ដា អាជ្ញាធរនៃប្រទេសនេះបានដាក់កម្រិតបណ្តោះអាសន្នលើរាល់ការដឹកជញ្ជូនសាធារណៈទាំងអស់ រួមទាំងជើងហោះហើរ រថយន្តក្រុង និងមធ្យោបាយផ្សេងទៀតដែលឆ្លងកាត់ព្រំដែនជាមួយកុងហ្គោ។ លើសពីនេះ ការរឹតបន្តឹងទាំងស្រុងត្រូវបានអនុវត្តលើការបើកបរទូកដឹកអ្នកដំណើរ ដែលធ្វើដំណើរតាមដងទន្លេសេមលីគី (Semliki River) ដែលហូរកាត់តំបន់ព្រំដែនរវាងប្រទេសទាំង២ផងដែរ៕

ប្រភព៖ Ratopati

Share.