តាមអគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការខេត្តប៉ៃលិន កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានសហការជាមួយមន្ទីរសាធារណការ និងរដ្ឋបាលខេត្ត ព្រមទាំងរដ្ឋបាលក្រុងប៉ៃលិន ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងបានចែកចំណាំងផ្លាតសម្រាប់យានយន្ត។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់លោក សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន ព្រមទាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្ត លោកស្រីចៅសង្កាត់ លោកមេភូមិ និងប្រជាពលរដ្ឋសរុបចំនួន ៤៥នាក់ (ស្រី ២០នាក់) នៅភូមិអូរច្រាកណ្ដាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
ក្នុងឱកាសនោះ កម្លាំងជំនាញបានលើកយកខ្លឹមសារសំខាន់ៗមកផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ដូចជា៖ មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ផលប្រយោជន៍នៃការពាក់មួកសុវត្ថិភាពនៅពេលបើកបរម៉ូតូ ព្រមទាំងផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ទៅលើមនុស្ស និងសង្គម។

ជាផ្នែកមួយក្នុងការលើកទឹកចិត្តឱ្យមានការចូលរួម កម្លាំងជំនាញបានចែកមួកសុវត្ថិភាពចំនួន ៥មួក ជូនដល់ប្រជាពលរដ្ឋដែលឆ្លើយសំណួរបានត្រឹមត្រូវទាក់ទងនឹងច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបានបិទចំណាំងផ្លាតសម្រាប់យានយន្តសរុបចំនួន ២៣០សន្លឹកផងដែរ។
ក្នុងឱកាសនោះដែរ លោក សោ សុវណ្ណ អភិបាលរងខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងថែរក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងសុខសាន្តក្នុងសង្គម៕

