នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ម្សិលមិញនេះ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានចាត់តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងផែនការងារសេនាធិការ និង លោកឧត្តមសេនីយ៍ត្រី សំ សាមឿន ស្នងការរងផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ ដឹកនាំមន្ត្រីនគរបាលជំនាញពាក់ព័ន្ធចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីវិធីសាស្ត្រផ្តល់សារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេព កល្យាណ អគ្គលេខាធិការរងអាជ្ញាធរមីនកម្ពុជា ដោយមានការចូលរួមពីមន្ត្រីនគរបាលជំនាញ ដែលមានតួនាទីសំខាន់ក្នុងការទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ពីមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។

គួរបញ្ជាក់ថា នគរបាលជាតិបានក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការរួមចំណែកទប់ស្កាត់ និងកាត់បន្ថយជនរងគ្រោះថ្នាក់ដោយសារមីន ព្រមទាំងបានក្លាយជាដៃគូយ៉ាងសំខាន់ជាមួយអាជ្ញាធរមីនចាប់តាំងពីឆ្នាំ២០០៦ មកម្ល៉េះ។ ថ្វីបើវិស័យសកម្មភាពមីនបាននិងកំពុងទទួលលទ្ធផលដ៏ធំធេងក៏ដោយ ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាននៅតាមសហគមន៍។

វគ្គបណ្តុះបណ្តាលនេះ បានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីនគរបាលនៅតាមឃុំសង្កាត់ដែលកំពុងបម្រើការនៅតាមមូលដ្ឋានរងផលប៉ះពាល់ដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ។ ខ្លឹមសារសំខាន់ៗរួមមាន៖ របៀបផ្តល់សារអប់រំកាត់បន្ថយគ្រោះថ្នាក់ វិធីបង្ការគ្រោះថ្នាក់ នីតិវិធីទំនាក់ទំនង ការកត់ត្រាទិន្នន័យគ្រោះថ្នាក់ ការស្គាល់ប្រភេទមីន និងគ្រាប់យុទ្ធភណ្ឌដែលធ្លាប់ប្រើប្រាស់នៅកម្ពុជា ព្រមទាំងឥទ្ធិពលបង្កគ្រោះថ្នាក់របស់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ជាពិសេស វគ្គបណ្តុះបណ្តាលក៏បានផ្តោតលើការពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ព្រមទាំងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីធានាថាសារអប់រំត្រូវបានផ្តល់ដល់សហគមន៍គោលដៅ និងក្រុមគោលដៅដែលងាយរងគ្រោះពិតប្រាកដ៕

Share.