ភ្នំពេញ ៖ រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» ដ៏មានសារៈសំខាន់នៅខែវិច្ឆិកា ខាងមុខនេះ ដែលព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងផ្តល់ឱកាសដ៏ឧត្តុង្គឧត្តមក្នុងការលើកកម្ពស់តម្លៃរួមនៃសន្តិភាព ការសន្ទនា និងសាមគ្គីភាពក្នុងចំណោមប្រទេសនិយាយភាសាបារាំង។

ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ស៊ុន សុវណ្ណា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួម «សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី២ ស្តីពីការរក្សាសន្តិភាពក្នុងរង្វង់ប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូនី)» កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងរ៉ាបា ព្រះរាជាណាចក្រម៉ារុក។
ថ្លែងនៅក្នុងសន្និសីទអន្តរជាតិនេះ ឯកឧត្តម ស៊ុន សុវណ្ណា បានរំលឹកឡើងវិញអំពីប្រវត្តិសាស្ត្រ និងបទពិសោធន៍ដ៏ជូរចត់ក្នុងសង្រ្គាមពីអតីតកាល ដែលជាកត្តាធ្វើឱ្យកម្ពុជាយល់ច្បាស់ និងផ្តល់តម្លៃខ្ពស់បំផុតចំពោះសន្តិភាព។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានដកស្រង់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់ថា ការប្តេជ្ញាចិត្តចំពោះសន្តិភាព និងការចូលរួមក្នុងការថែរក្សាសន្តិភាព គឺជាគោលការណ៍ជាមូលដ្ឋានគ្រឹះនៃគោលនយោបាយក្នុងស្រុក និងការបរទេសរបស់កម្ពុជាជាយូរមកហើយ។ ក្នុងស្មារតីនេះ ពាក្យស្លោក «យើងស្រឡាញ់សន្តិភាព» គឺជានិមិត្តរូបឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំ និងរឹងមាំបំផុតរបស់កម្ពុជា។

ឯកឧត្តមក៏បានសង្កត់ធ្ងន់ពីមោទនភាពចំពោះការប្រែក្លាយរបស់កម្ពុជា ដោយជោគជ័យ ពីប្រទេសដែលធ្លាប់ទទួលប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNTAC) នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ មកជាប្រទេសដែលបាន និងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការបញ្ជូនកងកម្លាំងមួកខៀវរបស់ខ្លួន ក្រោមទង់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រដល់សន្តិភាព និងស្ថិរភាពនៅក្នុងបណ្តាប្រទេសដែលកំពុងមានជម្លោះលើសកលលោក។
ទាក់ទិននឹងវេទិកាហ្រ្វង់កូហ្វូនី ឯកឧត្តមបានគូសបញ្ជាក់ថា នេះគឺជាវេទិកាដ៏សំខាន់មួយសម្រាប់សាមគ្គីភាព ការសន្ទនា និងការផ្លាស់ប្តូរបទពិសោធន៍។ ក្រៅពីចំណងភាសាបារាំងដែលជាចំណុចរួម វេទិកានេះបានជំរុញឱ្យមានកិច្ចសហការគ្នាកាន់តែរឹងមាំ និងបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហគមន៍ក្នុងតំបន់ ដែលបានរួមចំណែកដោយផ្ទាល់ដល់ភាពជោគជ័យនៃបេសកកម្មរបស់កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

នៅចុងបញ្ចប់នៃសន្និសីទ ឯកឧត្តម ស៊ុន សុវណ្ណា ក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងកម្លាំងមួកខៀវទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុបម្រើសន្តិភាពពិភពលោក។ ឯកឧត្តមក៏បាននាំនូវការគោរព និងការរំលែកទុក្ខដ៏ក្រៀមក្រំរបស់កម្ពុជាចំពោះវីរជនដែលបានបាត់បង់ជីវិតក្នុងពេលបំពេញភារៈកិច្ច ដោយបានគូសបញ្ជាក់ថា ភាពក្លាហាន ការលះបង់ខ្ពស់ និងការប្តេជ្ញាចិត្តដ៏អស្ចារ្យរបស់ពួកគេចំពោះមនុស្សជាតិ នឹងនៅតែបន្តដក់ជាប់ក្នុងបេះដូង និងការចងចាំរបស់សហគមន៍អន្តរជាតិជានិរន្តរ៍៕

