រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មានជាផ្លូវការមួយ បដិសេធ និងទាត់ចោលទាំងស្រុងនូវការបង្ហោះផ្សព្វផ្សាយរបស់បុគ្គលឈ្មោះ ហ៊ុន បូណា ដែលបានប្រើប្រាស់លិខិតក្លែងក្លាយក្នុងនាមទីស្តីការគណៈរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងរឿងដីធ្លី ព្រមទាំងបានបញ្ជាក់ថា សមត្ថកិច្ចជំនាញកំពុងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់។


យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ថ្មីៗនេះបុគ្គលឈ្មោះ ហ៊ុន បូណា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Bona Hun» បានធ្វើការបង្ហោះផ្សព្វផ្សាយជាបន្តបន្ទាប់ ដោយបានទាញភ្ជាប់ (Mentioned) គណនី និងទំព័រហ្វេសប៊ុកផ្លូវការរបស់ថ្នាក់ដឹកនាំស្ថាប័នជាតិមួយចំនួន ព្រមទាំងទំព័រហ្វេសប៊ុករបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
នៅក្នុងការបង្ហោះនោះ បុគ្គលរូបនេះបានភ្ជាប់នូវលិខិតមួយដែលក្លែងធ្វើជាលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូនថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តមអភិបាលខេត្តកំពង់ចាម ក្នុងន័យបោកប្រាស់ថា «រដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍យកដីចំនួន ១០០ម៉ែត្រ គុណនឹង ១០០ម៉ែត្រ នៅទន្លេអុំ ដើម្បីសាងសង់ជាគេហដ្ឋានខេត្តកំពង់ចាម» ដោយលិខិតក្លែងក្លាយនោះ ត្រូវបានចុះហត្ថលេខាដោយខ្លួនឯងក្នុងនាមជា «រដ្ឋមន្ត្រី ហ៊ុន បូណា»។
ប្រភពដដែលបានបន្តថា ក្រៅពីការបង្ហោះជាសាធារណៈ បុគ្គលខាងលើថែមទាំងបានផ្ញើរូបភាពសន្លឹកប្លង់ដី និងលិខិតក្លែងក្លាយរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនេះ ចូលទៅក្នុងប្រអប់សារហ្វេសប៊ុក (Messenger) ផ្ទាល់ខ្លួនរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ទៀតផង។
ក្រោយពីបានធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងលម្អិត រដ្ឋបាលខេត្តកំពង់ចាមបានអះអាងច្បាស់ៗថា លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលបុគ្គលឈ្មោះ ហ៊ុន បូណា យកមកបង្ហោះផ្សព្វផ្សាយនោះ គឺជារឿងមិនពិត និងជា «លិខិតក្លែងក្លាយ» សុទ្ធសាធ។
ជុំវិញករណីល្មើសច្បាប់នេះ បច្ចុប្បន្នសមត្ថកិច្ចជំនាញបានចាត់វិធានការក្តៅ ដោយបានចេញលិខិតកោះអញ្ជើញបុគ្គលឈ្មោះ ហ៊ុន បូណា ដែលមានអាសយដ្ឋានរស់នៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឱ្យចូលខ្លួនមកសាកសួរតាមនីតិវិធីច្បាប់ ដែលការណ៍នេះអាចនឹងឈានទៅដល់ការអនុវត្តទោសទណ្ឌយ៉ាងធ្ងន់ធ្ងរពី «បទក្លែងបន្លំលិខិតសាធារណៈ»។
រដ្ឋបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មាន ក៏ដូចជាសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមទប់ស្កាត់ការចែកចាយព័ត៌មានមិនពិតនេះ ដើម្បីជៀសវាងការភ័ន្តច្រឡំនៅក្នុងស្រទាប់មហាជន និងសង្គមជាតិទាំងមូល៕


