ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយល់ព្រមជាគោលការណ៍ ក្នុងការកំណត់ឋានន្តរស័ក្តិខ្ពស់បំផុត (ឋានន្តរស័ក្តិបន្តផ្ទួន) សម្រាប់មន្ត្រីនគរបាលជាតិ ដែលកាន់មុខតំណែងនីមួយៗ នៅក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពនគរបាលថ្នាក់ប្រហាក់ប្រហែល។

យោងតាមលិខិតផ្លូវការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ ៣១៩ សជណ.មយ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយ លោក យឿន ណាត រដ្ឋលេខាធិការ តំណាងឱ្យឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូន ឯកឧត្តមអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

ផ្អែកតាមសេចក្តីជូនដំណឹងដដែលនោះ ការកំណត់ឋានន្តរស័ក្តិបន្តផ្ទួនស្របតាមមុខតំណែងនីមួយៗ ត្រូវបានបែងចែកយ៉ាងលម្អិតដូចខាងក្រោម៖

  • អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ៖ មានឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍
  • អគ្គនាយកនៃអគ្គនាយកដ្ឋាននានាថ្នាក់ប្រហាក់ប្រហែល៖ មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក
  • អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ៖ មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក
  • អគ្គនាយករងនិងថ្នាក់ប្រហាក់ប្រហែល៖ មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ
  • ប្រធានសេនាធិការដ្ឋាន និងប្រធាននាយកដ្ឋានកណ្តាល៖ មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ
  • អនុប្រធានសេនាធិការដ្ឋាន និងអនុប្រធាននាយកដ្ឋានកណ្តាល៖ មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី
  • ប្រធាននាយកដ្ឋាន ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល៖ មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី
  • អនុប្រធាននាយកដ្ឋាន ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល៖ មានឋានន្តរស័ក្តិ វរសេនីយ៍ឯក
  • នាយការិយាល័យ អធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល៖ មានឋានន្តរស័ក្តិ វរសេនីយ៍ទោ
  • នាយរងការិយាល័យ អធិការរងនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល៖ មានឋានន្តរស័ក្តិ វរសេនីយ៍ត្រី
  • នាយផ្នែក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល៖ មានឋានន្តរស័ក្តិ អនុសេនីយ៍ឯក
  • នាយរងផ្នែក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល៖ មានឋានន្តរស័ក្តិ អនុសេនីយ៍ទោ។

ការកំណត់គោលការណ៍ឋានន្តរស័ក្តិបន្តផ្ទួនថ្មីនេះ ត្រូវបានគេមើលឃើញថា ជាការរៀបចំសណ្តាប់ធ្នាប់រចនាសម្ព័ន្ធដឹកនាំ ឱ្យកាន់តែមានសង្វាក់ការងារច្បាស់លាស់ ឆ្លើយតបទៅនឹងតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

Share.