ពោធិ៍សាត់៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំ និងសប្បុរសជនជាច្រើនរូប បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនបងប្អូនអតីតយុទ្ធជន និងនិវត្តជន ចំនួន ១,១៦៩គ្រួសារ ព្រមទាំងកាត់ខ្សែបូសម្ពោធប្រគល់ផ្ទះថ្មីបន្ថែមចំនួន ១០០ខ្នង និងអណ្ដូងទឹក ១២៥អណ្ដូង ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនានឹករលឹកយ៉ាងជ្រាលជ្រៅ ពីសំណាក់ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវការដឹងគុណយ៉ាងធំធេងចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនអតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ព្រមទាំងកោតសរសើរចំពោះការលះបង់របស់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ផងដែរ។ សម្តេចប្រធានកាកបាទក្រហមកម្ពុជា ក៏បានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជន ដែលបានរួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិអភិវឌ្ឍន៍មួយនេះ ហើយបានអំពាវនាវឱ្យបន្តរួមគ្នាដោះស្រាយបញ្ហាដែលនៅសេសសល់ ដូចជាកង្វះខាតទឹក-ភ្លើង និងទីផ្សារសម្រាប់លក់ទិន្នផលកសិកម្ម។

ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដាំផ្ញើដល់គ្រួសារអតីតយុទ្ធជនទាំងអស់ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ជំរុញកូនចៅឱ្យខិតខំរៀនសូត្រ និងជៀសឆ្ងាយពីគ្រឿងញៀន។ សម្តេចបានសង្កត់ធ្ងន់ឱ្យស្ត្រីមានផ្ទៃពោះទៅពិនិត្យសុខភាពឱ្យបានទៀងទាត់មុនសម្រាល ចំណែកឯលោកតាលោកយាយចាស់ៗត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឱ្យបានទាន់ពេលវេលា ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋបន្តបង្កបង្កើនផល និងចិញ្ចឹមសត្វ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។

បន្ទាប់ពីកម្មវិធីសំណេះសំណាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញកាត់ខ្សែបូ សម្ពោធប្រគល់ផ្ទះថ្មីចំនួន ១០០ខ្នង និងអណ្តូងទឹកចំនួន ១២៥បន្ថែមទៀត។ គិតមកទល់ពេលនេះ ផ្ទះ និងអណ្តូងទឹកដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ជូនដល់អតីតយុទ្ធជននៅក្នុងភូមិនេះ សរុបមានផ្ទះចំនួន ៧២៨ខ្នង និងអណ្តូងទឹកចំនួន ៤១៥អណ្តូង។ បន្ទាប់មក សម្តេចប្រធានបានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ដល់ខ្នងផ្ទះគំរូចំនួន ២ខ្នង ដើម្បីស្វែងយល់ពីជីវភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជាផ្តល់ជូនគ្រួសារអតីតយុទ្ធជន និងនិវត្តជន ទាំង ១,១៦៩គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ទឹកត្រី ៦ដប, ប្រេងឆា ២ដប, សាប៊ូកក់សក់ ២ដប, ភេសជ្ជៈប៉ូការីស្វេត ៦កំប៉ុង, ឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់ និងថវិកា ៥០,០០០រៀល។

ដោយឡែក សិស្សានុសិស្សនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ចំនួន ៣១៧នាក់ ក៏ទទួលបានកាដូលើកទឹកចិត្ត រួមមាន សៀវភៅ ២ក្បាល, ប៊ិក ១ដើម និងថវិកា ១០,០០០រៀល ក្នុងម្នាក់ៗ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ៕

អត្ថបទ៖ កាកបាទក្រហមកម្ពុជា

Share.