នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានដឹកនាំកិច្ចប្រជុំជាមួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ដើម្បីពង្រឹងវិន័យការងារ លើកកម្ពស់គុណភាពអប់រំ និងជំរុញការអភិវឌ្ឍធនធានមនុស្សសម្រាប់យុវជនជំនាន់ក្រោយ។

សូមចុចអាន៖ រាជរដ្ឋាភិបាលកម្ពុជា កំណត់ឋានន្តរសក្តិ​មន្រ្តី​នគរបាលជាតិ​បន្តវេន​ស្របតាម​មុខ​តំណែង​នីមួយៗ​ក្នុង​រចនាសម្ព័ន្ធ​អគ្គស្នងការនគរបាលជាតិ​និង​អង្គភាព​នគរបាល​ថ្នាក់​ប្រហាក់ប្រហែល

ក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា វិស័យអប់រំក្នុងបរិបទសង្គមទំនើប មិនអាចផ្តោតតែលើចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមបញ្ចូលការបណ្តុះសីលធម៌ វិន័យ និងស្មារតីទទួលខុសត្រូវ ដើម្បីកសាងយុវជនឱ្យក្លាយជាធនធានមនុស្សមានគុណភាព និងមានសមត្ថភាពប្រកួតប្រជែង។

ឯកឧត្តមបណ្ឌិត ក៏បានប្រកាសបើកដំណើរការជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ ឡើងវិញ ដោយចាត់ទុកការបណ្តុះបណ្តាលធនធានមនុស្សកម្រិតខ្ពស់ ជាកត្តាសំខាន់ក្នុងការឆ្លើយតបទៅនឹងការវិវត្តន៍សង្គម និងតម្រូវការទីផ្សារការងារ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានណែនាំឱ្យគ្រប់ផ្នែកពាក់ព័ន្ធ បន្តពង្រឹងគុណភាពបង្រៀន និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា ឱ្យស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា និងតម្រូវការជាក់ស្តែងរបស់សង្គម។

ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ក៏បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម និងទទួលបានលទ្ធផលល្អប្រសើរ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ព្រមទាំងលើកទឹកចិត្តឱ្យយុវជនចូលរួមសកម្មភាពសង្គម និងការងារស្ម័គ្រចិត្ត ដើម្បីពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំនាពេលអនាគត។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានប្រកាសតែងតាំងលោក ហ៊ឹម សុខលាភ ជានាយករង ទទួលបន្ទុកការងារយុវជន ដើម្បីជំរុញ និងសម្របសម្រួលការងារយុវជនឱ្យកាន់តែមានប្រសិទ្ធភាព។

Share.