លោក​ ទូច​ សុឃៈ​ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការកំណត់ថ្មីអំពីឋានន្តរស័ក្កិឱ្យស្របតាមមុខតំណែង និងរចនាសម្ព័ន្ធអង្គភាពចំណុះក្រសួងមហាផ្ទៃ ក្នុងក្របខណ្ឌនគរបាលជាតិ គឺថ្នាក់​ដឹក​នាំក្រសួងមហាផ្ទៃបានសិក្សាយ៉ាងលម្អិត តាំង​ពី​ដើម​អាណត្តិ ជាបន្ត​បន្ទាប់​មក ដោយផ្អែកលើទិដ្ឋភាពសង្គម ជំនាញ រដ្ឋបាល មូលដ្ឋានច្បាប់ ជាធរមាន និងបរិបទអន្តរជាតិផង​ដែរ ទើប​បាន​សម្រេច​គោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល។

លោកបញ្ជាក់បន្ថែម​ថា ទន្ទឹម​នឹង​នេះ​ខ្ញុំសូម​បញ្ជាក់ជូនថា ការកំណត់ឋានន្តរស័ក្កិឱ្យស៊ី​ទៅតាម​មុខ​តំណែង ឱ្យស្រប​ទៅតាម​រចនាសម្ព័ន្ធចាត់តាំងនៃអង្គភាពច​ំណុះ​ក្រសួងមហាផ្ទៃថ្មីនេះ គឺមិនប៉ះពាល់ដល់មន្ត្រីដែលកំពុងបំពេញការងារ ដែល​កំពុង​ពាក់ឋានន្តរស័ក្កិ ដែល​កំពុង​តែកាន់​មុខតំណែងដូច​ការកំណត់​ថ្មី​នេះ​ទេ គឺ​នៅ​រក្សា​ភាព​ដើម​ដដែល ពុំមានការរុះរើ រៀបរយជាថ្មី ឬសម្រួល​បន្ថយទៅតាម​ការកំណត់​ថ្មី​នោះ​ឡើយ។

ដូច​គ្នា​ដែល​ បងប្អូន​ជានគរ​បាល់ជាតិ​ច​ំណុះ​​ក្រសួង​មហាផ្ទៃ ដែល​កំពុង​តែ​កាន់​មុខ​តំណែង​និមួយៗ​តាម​ការ​កំណត់​ថ្មី​នេះ ហើយ​មានឋានន្តរស័ក្កិស្រប​តាម​ការកំណត់​ថ្មី​ គឺ​អនុវត្តទៅតាម​ការកំណត់​ថ្មី​នេះ​តែម្ដង។ ​ចំពោះការកំណត់​​ថ្មី​នេះ គឺ​សំដៅ​អនុវត្ត ទៅលើមន្ត្រីជំនាន់បន្តវេន ពោល​គឺ​មន្ត្រីនគរបាលជាតិ ដែលនឹងឡើង​មក​កាន់តំណែង​នាពេល​ខាងមុខតាម​ប្រអប់​និមួយៗដែល​បាន​កំណត់ ពោល​គឺ​មន្ត្រីនគរបាល់ជាតិ​នេះ​ មិន​ត្រូវ​មានឋានន្តរស័ក្កិលើសពីការកំណត់ថ្មីនេះ​ជាដាច់ខាត។ នេះ​គឺ​ជាគោលការ​ណ៍ម៉ឺងម៉ាត់ សម្រាប់​អនុវត្តចំពោះការ​តែង​តាំង​នៅ​ពេល​ក្រោយៗ ហើយ​ក៏​ចំពោះ​បងប្អូន​ដែល​ពាក់​ឋានន្តរស័ក្កិ និង​កាន់​មុខ​តំណែង​ស្រប​ទៅ​តាម​ការកំណត់​ថ្មី​នេះ​ដែរ។

លោកសង្កត់ធ្ងន់ថា ការ​កំណត់​ថ្មី​នេះ មិន​មាន​ការ​ប៉ះ​ពាល់​សតិអារម្មណ៍ណាមួយ គឺមាន​តែ​ការ​ធ្វើ​ឱ្យរ​ួមរស់​ជាសុខដុមនីយកម្ម ជាមួយគ្នាកាន់​តែ​មាន​ភាព​ល្អ​ប្រសើរ និង​ការ​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មកដើម្បី​បន្ត​វេនតែប៉ុណ្ណោះ។ ពោលគឺ​គោរ​ពទៅតាម​គោលការណ៍ “រក្សាចាស់ បង្កើតថ្មី” ដើម្បីប្រសិទ្ធភាពនៃការដឹកនាំ បម្រើសេវា​ជូនប្រជាពលរដ្ឋ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមរបស់​យើង។

គួរ​បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយល់ព្រមជាគោលការណ៍ ក្នុងការកំណត់ឋានន្តរស័ក្តិខ្ពស់បំផុត (ឋានន្តរស័ក្តិបន្តផ្ទួន) សម្រាប់មន្ត្រីនគរបាលជាតិ ដែលកាន់មុខតំណែងនីមួយៗ នៅក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពនគរបាលថ្នាក់ប្រហាក់ប្រហែល។

យោងតាមលិខិតផ្លូវការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី លេខ ៣១៩ សជណ.មយ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយ លោក យឿន ណាត រដ្ឋលេខាធិការ តំណាងឱ្យឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ផ្ញើជូន ឯកឧត្តមអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការសម្រេចនេះធ្វើឡើងបន្ទាប់ពីមានចំណារយល់ព្រមដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។

ផ្អែកតាមសេចក្តីជូនដំណឹងដដែលនោះ ការកំណត់ឋានន្តរស័ក្តិបន្តផ្ទួនស្របតាមមុខតំណែងនីមួយៗ ត្រូវបានបែងចែកយ៉ាងលម្អិតដូចខាងក្រោម៖

  • អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ៖ មានឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍
  • អគ្គនាយកនៃអគ្គនាយកដ្ឋាននានាថ្នាក់ប្រហាក់ប្រហែល៖ មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក
  • អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ៖ មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក
  • អគ្គនាយករងនិងថ្នាក់ប្រហាក់ប្រហែល៖ មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ
  • ប្រធានសេនាធិការដ្ឋាន និងប្រធាននាយកដ្ឋានកណ្តាល៖ មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ទោ
  • អនុប្រធានសេនាធិការដ្ឋាន និងអនុប្រធាននាយកដ្ឋានកណ្តាល៖ មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី
  • ប្រធាននាយកដ្ឋាន ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល៖ មានឋានន្តរស័ក្តិ ឧត្តមសេនីយ៍ត្រី
  • អនុប្រធាននាយកដ្ឋាន ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត និងថ្នាក់ប្រហាក់ប្រហែល៖ មានឋានន្តរស័ក្តិ វរសេនីយ៍ឯក
  • នាយការិយាល័យ អធិការនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល៖ មានឋានន្តរស័ក្តិ វរសេនីយ៍ទោ
  • នាយរងការិយាល័យ អធិការរងនៃអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងថ្នាក់ប្រហាក់ប្រហែល៖ មានឋានន្តរស័ក្តិ វរសេនីយ៍ត្រី
  • នាយផ្នែក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល៖ មានឋានន្តរស័ក្តិ អនុសេនីយ៍ឯក
  • នាយរងផ្នែក នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងថ្នាក់ប្រហាក់ប្រហែល៖ មានឋានន្តរស័ក្តិ អនុសេនីយ៍ទោ។

ការកំណត់គោលការណ៍ឋានន្តរស័ក្តិបន្តផ្ទួនថ្មីនេះ ត្រូវបានគេមើលឃើញថា ជាការរៀបចំសណ្តាប់ធ្នាប់រចនាសម្ព័ន្ធដឹកនាំ ឱ្យកាន់តែមានសង្វាក់ការងារច្បាស់លាស់ ឆ្លើយតបទៅនឹងតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់មន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

Share.