ភ្នំពេញ៖ សារាចរ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០២៧ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ទិសដៅយុទ្ធសាស្ត្រយ៉ាងច្បាស់លាស់ ក្នុងកិច្ចការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ដោយគ្រោងកញ្ចប់ថវិកាចំណាយមធ្យមខ្ទង់ ២.១ ពាន់លានដុល្លារអាម៉េរិក សម្រាប់វិស័យការពារជាតិ នៅក្នុងចន្លោះឆ្នាំ ២០២៧ ដល់ឆ្នាំ ២០២៩ ខាងមុខនេះ។

សារាចរណែនាំនេះបានចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញថា ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ៣ឆ្នាំនេះ នឹងផ្តោតជាចម្បងលើការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី រក្សាលំនឹងជីវភាពប្រជាជន និងសម្ទុះកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់នៃសកលលោក ដោយធានានូវលទ្ធភាពឆ្លើយតបគ្រប់គ្រាន់ និងចីរភាពហិរញ្ញវត្ថុសាធារណៈ។
នៅក្នុងផែនការគ្រោងទុក រាជរដ្ឋាភិបាលនឹងដកកញ្ចប់ថវិការហូតដល់ទៅជាង ៤ពាន់លានដុល្លារអាម៉េរិក ដែលស្មើនឹងប្រមាណ ៧,៨៥% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ទៅលើវិស័យសន្តិសុខរួម ដែលរួមមាន វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់រយៈពេល ៣ឆ្នាំ (២០២៧-២០២៩)។
ដោយឡែក សម្រាប់ឆ្នាំ២០២៧ ខាងមុខ រដ្ឋគ្រោងនឹងចំណាយថវិកាប្រមាណជិត ៩០០លានដុល្លារអាម៉េរិក (បើប្រៀបធៀបទៅនឹងឆ្នាំ២០២៦ ដែលរដ្ឋបានអនុម័តខ្ទង់ចំណាយប្រមាណ ៧៤៨,៤៩ លានដុល្លារ គឺមានការកើនឡើងជិត ២០%)។ ចំណែកឯឆ្នាំ២០២៨ គ្រោងនឹងចំណាយប្រមាណ ៧៩០លានដុល្លារ និងបន្តកើនឡើងដល់ ៨០០លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៩។

ផ្អែកលើគោលនយោបាយហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៧-២០២៩ ថវិកាដែលត្រូវបានគ្រោងទុកនេះ គឺត្រូវបានដាក់ចេញដើម្បីសម្រេចឱ្យបាននូវគោលដៅ និងអាទិភាពសំខាន់ៗដូចខាងក្រោម៖
- ការការពារអធិបតេយ្យ និងសន្តិភាព៖ បន្តផ្តល់អាទិភាពខ្ពស់ដល់កិច្ចការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងការការពារសន្តិភាព ស្ថិរភាពនយោបាយ ដែលជាគ្រឹះនៃការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
- ការលើកកម្ពស់ជីវភាពកងទ័ព៖ យកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅ និងសុខុមាលភាពរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
- ការធ្វើទំនើបកម្ម និងសន្តិសុខ៖ ការគ្រប់គ្រង និងថែទាំយុទ្ធោបករណ៍ សម្ភារៈបច្ចេកទេស ការអនុវត្តកិច្ចការសន្តិសុខមិនប្រពៃណី ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យព្រំដែន ព្រមទាំងការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។
- ការអភិវឌ្ឍសមត្ថភាព៖ ការបង្កើនចំណេះដឹង និងជំនាញវិជ្ជាជីវៈជូនកងកម្លាំងនគរបាលជាតិ និងការលើកកម្ពស់គុណភាព ព្រមទាំងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌។
សូមជម្រាបថា សារាចរណែនាំនេះ គឺជាមគ្គុទ្ទេសក៍បច្ចេកទេសគន្លឹះ សម្រាប់ឱ្យគ្រប់ក្រសួង ស្ថាប័ន មន្ទីរជំនាញរាជធានី-ខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ យកទៅរៀបចំផែនការយុទ្ធសាស្ត្រថវិកា (៣ឆ្នាំរំកិល) ដើម្បីជម្រុញការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យសម្រេចបានជោគជ័យ ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែង និងភាពធន់របស់កម្ពុជាលើឆាកអន្តរជាតិផងដែរ៕

