បាងកក៖ នាយកដ្ឋានឧតុនិយមថៃ (TMD) បានចេញសេចក្តីប្រកាសព្រមានថា បើទោះបីជាបរិមាណទឹកភ្លៀងមានការថយចុះក្នុងរយៈពេល ២៤ម៉ោងខាងមុខនេះក្តី ប៉ុន្តែតំបន់មួយចំនួន ជាពិសេសនៅភាគខាងលិច និងភាគខាងកើតនៃប្រទេស នឹងនៅតែបន្តមានភ្លៀងធ្លាក់ខ្លាំងគួរឱ្យកត់សម្គាល់។

យោងតាមការបញ្ជាក់ពីមន្ត្រីឧតុនិយម ឥទ្ធិពលខ្យល់មូសុងនិរតីដែលគ្របដណ្តប់លើសមុទ្រ Andaman ភាគខាងលើ និងប្រទេសថៃបានថមថយ ខណៈដែលសម្ពាធទាបនៅតែបន្តស្ថិតនៅលើតំបន់ភាគខាងលើនៃប្រទេសវៀតណាម។ ទោះជាយ៉ាងណា អាជ្ញាធរថៃបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រងផលប៉ះពាល់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀងធ្លាក់ខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀងភ្លាមៗ ជាពិសេសនៅតំបន់ក្បែរជើងភ្នំ ផ្លូវទឹក និងតំបន់ទំនាប។


ដោយឡែក ស្ថានភាពរលកសមុទ្រAndaman និងឈូងសមុទ្រថៃ ចាប់ផ្តើមថយឥទ្ធិពលបន្តិចវិញ ដោយនៅតំបន់សមុទ្រ Andaman ភាគខាងលើ អាចមានរលកកម្ពស់ប្រហែល ២ម៉ែត្រ ចំណែកឯផ្នែកខាងក្រោម និងឈូងសមុទ្រថៃភាគខាងលើ មានកម្ពស់ពី ១ ទៅ ២ម៉ែត្រ។ ទោះជាយ៉ាងណា ក្នុងករណីមានខ្យល់កន្ត្រាក់ និងផ្គររន្ទះ កម្ពស់រលកអាចហក់ឡើងខ្ពស់ជាង ២ម៉ែត្រ ដែលតម្រូវឱ្យអ្នកនេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្ន និងជៀសវាងតំបន់ដែលមានព្យុះ៕

